នគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវបង្ក្រាបចោរឆក់ ៣នាក់ បញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានប្រាប់អ្នកយកព័ត៌មាន ទូរទស្សន៍អប្សារា ប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ចំនួន ០២ករណី ផ្សែងគ្នា ។
ករណីទី១ ឆក់កាបូបយួរដៃពណ៌ខ្មៅ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីជនជាតិចិន ។
ករណីទី២ ឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋ ម៉ាកអាយហ្វូន នៅសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់បន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន ៖
១ – ឈ្មោះ ជួន វីរៈសត្យា ហៅ សិដ្ឋ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១២ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ និងទី២ – ឈ្មោះ មាស ភីម ហៅ ប៉ក់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៥៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ដោយឡែកសម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ ម៉ូតូម៉ាកSUZUKINEX ពណ៌ទឹកប្រាក់ សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GQ-៨៤៦៣ ។
លោកនាយការិយាល័យបានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធី ៕