ក្រសួងកសិកម្ម បើកកិច្ចប្រជុំបូកសរុបការងារនីតិកម្ម កសិកម្មប្រចាំឆ្នាំ២០១៧-២០១៨ និងទិសដៅសម្រាប់ឆ្នាំ ២០១៨-២០១៩

អត្ថបទដោយ៖
Kien Sereyvuth

(ខេត្តសៀមរាប) ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ បើកកិច្ចប្រជុំរយៈពេល ២ថ្ងៃ ក្នុងគោលបំណងបូកសរុបការងារនីតិកម្ម កសិកម្ម ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ ២០១៨-២០១៩ ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរាផាឡេស ទីក្រុងសៀមរាប កាលពីថ្ងៃអង្គារ ៧កើត  ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨នេះ ។

លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្ម កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវរបាយការណ៍ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីលទ្ធផល និងសមិទ្ធិផលការងារ ដែលនាយកដ្ឋាននីតិកម្ម កសិកម្មសម្រេចបាននាឆ្នាំកន្លងមក និងលើកឡើងពីគោលបំណងរបស់អង្គប្រជុំរយៈពេល ២ថ្ងៃនេះគឺ ទី១- ជម្រុញការលើកកំពស់ និងជម្រុញយន្តការអនុវត្តន៍ច្បាប់ និងនីតិវិធីស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។ ទី២- ពិភាក្សាអំពីការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពចំពោះការនាំចូល ផលិតផល ថ្នាំកសិកម្ម និងជីកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទី៣- រិះរកវិធានការកាត់បន្ថយ និងទប់ស្កាត់នូវរាល់បទល្មើសក្នុងការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ឆ្លងកាត់ព្រំដែនតាមច្រករបៀង ។ ទី៤- ពិភាក្សាលើការពង្រឹង ការទទួលខុសត្រូវលើការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម របស់អង្គភាពសាម៉ីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងទី៥- ប្រមូលផ្តុំធាតុចូល ពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពនីតិកម្ម កសិកម្ម ក្នុងការតាមដាន ត្រួតពិនិត្យគុណភាព សុវត្ថិភាព ថ្នាំកសិកម្ម និងជីកសិកម្ម ដែលធ្វើចរាចរណ៍ទូទាំងប្រទេស ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ថ្លែងថា បច្ចុប្បន្ននេះតម្រូវការ នៃការប្រើប្រាស់ជី និងថ្នាំកសិកម្ម មានការកើនឡើងគួរឱ្យកត់សម្គាល់ស្របពេលដែលដំណាំកសិ.ឧស្សាហកម្ម ដូចជាដំឡូងមី ម្រេច កៅស៊ូ ពោត សណ្តែក ស្វាយចន្ទី កំពង់ទទួលបានបរិមាណផលកើនឡើង នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់នាយកដ្ឋាននីតិកម្ម កសិកម្ម នៅក្នុងការយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ រួមជាមួយអភិវឌ្ឍន៍បទដ្ឋានគតិយុត្តិក្រោមច្បាប់ស្តីពីការគ្រប់គ្រង ថ្នាំ កសិកម្ម និងជីកសិកម្ម និងការបម្រើសេវាសាធារណៈនៅក្នុងប្រតិបត្តិការធ្វើអាជីវកម្ម ថ្នាំកសិកម្ម និងជីកសិកម្ម តាមរយៈការអនុវត្តន៍កម្មវិធីអប់រំផ្សព្វផ្សាយ លើកកំពស់ការយល់ដឹងជាសាធារណ អំពីសារៈប្រយោជន៍ និងហានិភ័យនៃធាតុចូលលើការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ពាណិជ្ជករ ដល់ប្រជាកសិករ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្ងើចសរសើរចំពោះគំនិតផ្តួចផ្តើមឱ្យមានកិច្ចប្រជុំនេះ ព្រមទាំងបានផ្តល់រួមទាំងបានផ្តល់អនុសាសន៍ជាគន្លឹះ មួយចំនួនដូចខាងក្រោម៖ ទី១- បន្តខិតខំរៀបចំបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់ គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ត្រូវសហការសម្របសម្រួលជាមួយអង្គភាពនានា ដើម្បីរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ទៀតឱ្យបានសមស្របតាមសភាពការណ៍វិវឌ្ឍជាក់ស្តែងនៅកម្ពុជា ។ ទី២- បន្តជម្រុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ត ច្បាប់លើការធ្វើអាជីវកម្ម គ្រប់រូបភាព លើបរិមាណគុណភាព ផលិតផល ស្លាកសញ្ញា ព័ត៌មាន និងប្រភពដើមស្របច្បាប់នៃផលិតផលនាំចូលនិងចរាចារលើទីផ្សារ។

ត្រូវបន្តពង្រឹងសមត្ថភាព មន្ទីរពិសោធន៍ជី និងថ្នាំកសិកម្ម ដើម្បីធានាគុណភាព ផលិតផលពិតគ្មានការក្លែងបន្លំគុណភាព និង មានប្រសិទ្ធិភាពក្នុងការប្រើប្រាស់តាមបញ្ជិកាស្នើសុំ។ ទី៣- អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវបន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពាណិជ្ជករ អាជីវក និងកសិករ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្ត ការចូលរួមអនុវត្តច្បាប់ នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់មិនបានត្រឹមត្រូវតាមវិធានបច្ចេកទេសជាពិសេសថ្នាំកសិកម្ម និង ជីកសិកម្ម ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner