ឯកឧត្តម សាយ សំអាល់ ចែករំលែកការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅក្នុងជំនួបធ្វើបឋកថា ដល់សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើក ឡើងអំពីកិច្ចការងារ ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភានិងអាណត្តិបន្តទៀត ។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ ថាក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារអាទិភាព សម្រាប់ឱ្យគ្រប់អង្គភាពក្រោមឱវាទ ក្រសួងបរិស្ថានបាន និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីបរិស្ថាន សំដៅប្រមូលផ្តុំកម្លាំងមហាជន ពីគ្រប់ មជ្ឈដ្ឋាន ឱ្យចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗ នៃស្ថានភាពក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់កំណត់ទិសដៅការងារអាទិភាព ក្នុងវិស័យនេះ នៅក្នុងអាណត្តិបន្ទាប់ សំដៅឆ្លើយតបទៅនឹង ដំណើរវិវត្តន៍នៃនិន្នាការនយោបាយ ស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានក្រើនរំលឹកទៅដល់សិស្សនិស្សិត ដែលជាអ្នក បន្តវេន និងយុវជនជាទំពាំងស្នងឬស្សី គឺត្រូវខិតខំរៀនសូត្រ បន្តសកម្មភាពការងារពីមនុស្សចាស់ និងត្រូវមានការថ្លឹងថ្លែងអោយបានច្បាស់លាស់ មុននិងជឿជាក់ទៅលើអ្វីមួយ ដើម្បីកុំអោយ មានវិប្បដិសារីទៅថ្ងៃក្រោយ ដោយសារតែការជឿជាក់ទៅលើតែម្ខាងៗ ។

តាមរយះការធ្វើបឋកថា អំពីការងារគ្រប់គ្រងបរិស្ថាននេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបើកឱកាសអោយមានការចោទសួរ ពីសំណាក់អ្នកចូលរួម ទាំងអស់អំពីការងារបរិស្ថានសង្គមជាតិ និងការងារពាក់ពន្ធទាំងឡាយ ណាដែលជាផ្នែកមួយ ការអភិវឌ្ឍន៍ប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ ក៏ដូចជាពេលអនាគតផងដែរ។

សូមបញ្ជាក់ថា ផ្អែកលើ «គោលនយោបាយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារ មាតុភូមិ ឆ្នាំ២០១៣–២០១៨ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងមតិណែនាំដ៏ ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ របស់ គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣» ក្រសួងបរិស្ថានបានកំណត់យក «ការធ្វើទំនើប កម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព» ជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍដោយចីរភាព ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ  និងគោល ដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner