​ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំគ្នាសំដែងចេញនូវទឹកចិត្តសប្បាយរីករាយបំផុត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖
​ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំគ្នាសំដែងចេញនូវទឹកចិត្តសប្បាយរីករាយបំផុត។បន្ទាប់ពីអាជ្ញាធរខេត្តបន្ទាយមានជ័យបានកសាងផ្លូវបេតុងប្រវែងជាង២គីឡូម៉ែត្រចំណាយថវិកាជាង២០ម៉ឺនដូល្លា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដើម្បីសម្រួលដោះស្រាយផ្លូវអគ្គនាគមន៍នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋបានស្រួលគ្រាដែលផ្លូវទាំងនោះបានរងការខូចខ្ទេចខ្ទាំដោយទឹកជនន់ទឹកភ្លៀងកន្លងមកនោះ។ផ្លូវបេតុងប្រវែងជាង២គីឡូម៉ែត្រក៏បានធ្វើពិធីសម្ភោធន៍ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃអង្គារ៍ទី​១៩ ខែមិថុនា ឆ្នាំ២០១៨ ប្រប្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណសរុបជាង៤ពាន់នាក់ ផងដែរ។
​ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្រាប់ឱ្យដឹងថា ការកសាងផ្លូវបេតុងបានបង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។ ផ្លូវនោះពីមុនមកជាផ្លូវលំក្រាលគ្រួសក្រហមបានរងការខូចខាតជង្ហុកធំៗ នៅពេលភ្លៀងម្តងៗដីស្អិតភក់ជ្រាំ រអិល ប្រជាពលរដ្ឋ និងសិស្សធ្វើដំណើរទៅសាលារៀននិងទៅទីផ្សាររមានការលំបាកបំផុត។
​ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃរដ្ឋ សភា នីតិកាលទី៦ នៅចុងខែកក្កដា ខាងមុខនេះ ពួកគាត់និងនាំគ្នាចេញទៅបោះឆ្នោត ដើម្បី ជ្រើសរើសតំណាងរបស់ខ្លួនដែលពេញចិត្ត ក្នុងការដោះស្រាយនិងកសាង អភិវឌ្ឍន៍ប្រជាតិឱ្យកាន់តែរីកចម្រើន។
​ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៤ពាន់នាក់នោះលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងដោះស្រាយទុក្ខកំបាកនិងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ចាប់តាំងពីប្រទេសធ្លាក់ក្នុងភ្លើងសង្រ្គាមរហូតដល់ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព កសាងសេដ្ឋកិច្ចរឹងមាំនិងប្រទេសមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ននេះ។
​លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ ប្រជាពលរដ្ឋក៏ដូចជាគ្រប់គណបក្សនយោបាយបានរួមរស់ក្នុងដំបូលសន្តិភាពតែមួយមិនប្រកាន់បក្ខពួកនិងនិន្នាការនយោបាយនោះឡើយ។វាផ្ទុយនិងគណបក្សមួយចំនួនតូចប៉ុណ្ណោះកន្លងមកតែងតែដាក់ចេញនូវគោលនយោបាយចងកំហឹង សងសឹក ញុះញង់ឱ្យមានការបែកបាក់រវាងប្រជាជន និងប្រជាជន ដូចករណីបើគេឈ្នះឆ្នោតដូរមេភូមិនិងមេឃុំឱ្យអស់ជាដើមនោះ។
​លោកឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើងនិងជម្រុញប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃរដ្ឋសភា នៅចុងខែកក្កដា ខាងមុខនេះ ដើម្បីបោះឆ្នោតនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាកាន់តែរីកចម្រើនថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner