អណ្តើកហ្លួងចំនួន ២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្សបន្ត
អណ្តើកហ្លួងចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង នាពេលកន្លងមកនេះ។ បើតាមការបញ្ជាក់ពី លោកស្រី ឡាយ ផុនថេង ដែលបានប្រគល់ពូជអណ្ដើកកម្រនេះដល់ក្រសួងបរិស្ថាន បានឲ្យដឹងថា អណ្តើកហ្លួងចំនួន២ក្បាលនេះ ត្រូវបានលោកស្រី និងក្រុមគ្រួសារទិញពីអ្នកនេសាទក្នុងមួយក្បាលតម្លៃ៤០០ដុល្លារអាម៉េរិក ក្នុងអំឡុងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងកាលពីចុងសប្តាហ៍មុននេះ។
នេះគឺជាការបញ្ចាក់របស់អ្នកស្រី នៅក្នុងពិធីប្រគល់អណ្តើកហ្លួងទាំង២ក្បាល នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ប្រជាពលរដ្ឋដែលបច្ចុប្បន្នរស់នៅភ្នំពេញរូបនេះ បានបញ្ជាក់ថា អណ្តើកកម្រចំនួន២ក្បាលនេះ ត្រូវបានអ្នកនេសាទបញ្ចុះបញ្ចូលលក់ឱ្យនៅក្នុងចំណុចចំណតអាហារដ្ឋានមួយកន្លែង ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងឱកាសទទួលអណ្តើកហ្លួង ឬអណ្តើកសរៃ បានបញ្ជាក់ ឱ្យដឹងថា អណ្តើកហ្លួងទាំង២ក្បាលនេះ បន្ទាប់ពីទទួលបានពីប្រជាពលរដ្ឋហើយ គឺត្រូវប្រគល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ហៅកាត់ WCS ដើម្បីធ្វើការអភិរក្ស។ ឯកឧត្តម រដ្ឋលេខាធិការ ក្នុងនាមក្រសួងបរិស្ថាន បានកោតសរសើរចំពោះការស្ម័គ្រចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះរបស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង ដែលបានជួយសង្រ្គោះសត្វអណ្តើពីឈ្មួញទុចរិត ។
ឯកឧត្តម នេត្រ ភក្រ្តា លើកឡើងផងដែរថា ក្រសួងបរិស្ថានមិនលើកទឹកចិត្តអោយមានការទិញលក់នោះទេ ប៉ុន្តែចង់អោយមានការចូលរួមអភិរក្សថែរក្សាទាំងអស់គ្នា ចំពោះសត្វកម្រគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ដែលកំពុងត្រូវបានគំរាមកំហែង និងជិតផុតពួជ។ ឯកឧត្តម អ្នកនាំពាក្យ មានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាពលរដ្ឋ នឹងបញ្ចប់បាននូវការបរបាញ់ និងការជួញដូរខុសច្បាប់។
លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS) មានប្រសាសន៍ថា អណ្តើកហ្លួងនឹងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនមួយកន្លែងនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៦មក។
អ្នកជំនាញរូបនេះ បានសន្និដ្ឋានថា អណ្តើកហ្លួងទាំងពីរក្បាលនេះមានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ លោកឱ្យដឹងថា អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង្ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ។
អណ្ដើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការWCS បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួចរបស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។
មន្ត្រីគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានឱ្យដឹងថា បច្ចុប្បន្ន កូនអណ្តើកហ្លួងចំនួន៤៥០ក្បាល បានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន៨៦ក្បាលទៀត ត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។
គួរបញ្ជាក់ថា អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។
អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន ដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ៕ធ.ដ