រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួន២ទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា
រដ្ឋសភានៅព្រឹកថ្ងៃ១៩មិថុនានេះ បានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន២ មកពិភាក្សា និងអនុម័ត ដែលជាសម័យប្រជុំលើកទី១០ នីតិកាលទី៥ របស់រដ្ឋសភា។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកយកមកពិភាក្សានាឱកាសនេះមាន សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។
ក្នុងសម័យប្រជុំរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន សមាជិក រដ្ឋសភាចូលរួមពេលផ្តើមប្រជុំមានចំនួន១០៣រូប ដោយបានផ្តើមសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី មុន។ សេចក្តីព្រាងច្បាប់ ខាងលើនេះមាន៣មាត្រា។ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជាអ្នកអានជូនអង្គសភាពី របាយការណ៍ នៃលទ្ធផលពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី តំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។
សេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលដែលផ្ញើជូនរដ្ឋសភា បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច ជាតិលើគ្រប់វិស័យ បានលើកកម្រិតជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរឡើងជាលំដាប់ និង បាននាំឲ្យតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើង ក្នុងអត្រាមួយដ៏ខ្ពស់។ ដើម្បីឆ្លើយតបនឹងកំណើន តម្រូវការអគ្គិសនីនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍវិស័យថាមពល ទំាងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។ ប្រភពថាមពលដែលកម្ពុជាបានអភិវឌ្ឍន៍ កន្លងមករួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយ ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ ជាចុងក្រោយអង្គសភាបានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូលមានចំនួន១០៤សំឡេង។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី នឹងបើកផ្លូវឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី វិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនី អានុភាព៦០មេហ្គាវ៉ាត់ ដើរដោយពន្លឺ ព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺគឺជាប្រភេទថាមពលថ្មីមួយទៀត ដែលនឹងចូលរួមចំណែក ឆ្លើយតប តម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។ អង្គសភាបានពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់នេះមួយមាត្រាម្តងៗ ហើយជាចុងក្រោយអង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទំាងមូលមានចំនួន១០៤សំឡេង។