កម្ពុជាស្នើភាគីថៃ បង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២ និង កិច្ចសហប្រតិបត្តការអោយសម្រេចបានគោលដៅ ១៥ប៊ីលានដុល្លា នៅឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

     ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា-ថៃ បានសំដែងនូវការ វាយតម្លៃខ្ពស់រួមគ្នា ចំពោះការរីកចម្រើន នៃទំនាក់ទំនង​ទ្វេភាគីកម្ពុជា-ថៃ ពិសេសទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។

      ក្នុងជំនួបទ្វេភាគីដែលធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ មិថុនា នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ មុនពិធីបើកកិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី១៦ មិថុនា ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ មានប្រសាសន៍ថ្លែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយក​រដ្ឋមន្រ្តី ដែលបានឆ្លើយតបអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រ​ជុំកំពូល CLMV លើកទី៩ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅទីក្រុងបាងកក ពិសេសសម្តេចតេជោបានទទួលយកផែន ការមេស្តីពី ACMECS នៅទីក្រុងបាងកក។

    ក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំង២ បេត្តជ្ញារួម​គ្នា​ថា នឹងជំរុញកិច្ចសហប្រតិបត្តិការនៃវិស័យទេចរណ៍ ក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌ ACMECS ឪ្យកាន់តែ​ខ្លាំងឡើងថែមទៀត។ ជាមួយគ្នានេះមេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការតភ្ជាប់ផ្លូវរថ​ទេស​ភ្លើង ការបើកច្រកព្រំដែនស្ទឹងបត់ ការពិភាក្សាលើវិស័យកសិកម្ម។

      ពាក់ព័ន្ធទៅនិងបញ្ហាពលករ ឯ,ឧ នាយក​រដ្ឋមន្រ្តីថៃ មានប្រសាសន៍ថា ការធ្វើបណ្ណសំគាល់ជូនដល់ពលករកម្ពុជា និងត្រូវបញ្ចប់នៅចុងខែមិថុនានេះ ពិសេស ការសហការពន្លឿនពីភាគីកម្ពុជាផងដែរ។ តាមរយះការថ្លែងបើកវេទិកានាយកប្រតិបត្តិ នៃប្រទេស ACMECS កាល​ពីព្រឹកមិញ ឯ,ឧ បានស្តាប់លឺពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលថ្លែងដោយសម្តេចតេជោ តាមរយះនេះភាគី​ថៃ​ស្វាគមន៍ចំពោះការរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យភាគីកម្ពុជាគាំទ្រ ដល់ប្រទេសថៃ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៩។

  ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍ថា គ្រាន់តែរយះពេលជាង៥ខែកន្លងមក សម្តេច និងឯកឧត្តមនាយករដ្ឋមន្រ្តី បានជួបពិភាក្សាគ្នាចំនួន ៨ លើករួចមកហើយ ទាំងក្នុងប្រទេសកម្ពុជា ថៃ និងនៅបរទេស​។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្តេចតេជោមានប្រសាសន៍ថា ប្រទេស​ទាំងពីរ មានខិតខំជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើនឡើងខ្ពស់ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីពី ៥ពាន់ ៦០៩លាន​ដុល្លា ឆ្នាំ២០១៦ ដល់ ៦ពាន់១៦៥ លានដុល្លាអាមេរិកនៅឆ្នាំ២០១៧ ក្នុងទំហំនោះកម្ពុជាបាននាំទៅកាន់ប្រ ទេសថៃមានជាង១ពាន់លានដុល្លាផងដែរ។

    សម្តេចតេជោក៏បានស្នើដល់ភាគីថៃ ក្នុងទិញផលិតផលកសិកម្មពីកម្ពុជា ដើម្បីទូទាំត់ជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់សមភាគីថៃដែរថា សម្តេចចង់ឃើញសេចក្តីព្រាងអនុស្សារណះ នៃការយោគយល់គ្នាស្ទីពីទំនិញឆ្លងកាត់ និងរងចាំ ដែលភាគីទាំង២ បានពិភាក្សាគ្នាបញ្ចប់កាលពីខែតុលា ឆ្នាំ២០១៧ បានចេញជារូបរាងឆាប់រហ័សតាមដែល​អាចធ្វើទៅបាន។

    សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ពីការបើកច្រកព្រំដែនអន្តរជាតិថ្មីៗ ដើម្បីជំរុញកំណើនទេសចរណ៍នៃប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខណ្ឌតំបន់ទាំងមូល ពិសេស ដើម្បីជំរុញកំណើនពាណិជ្ជកម្មដល់ ១៥ ពាន់លានដុល្លានៅឆ្នាំ២០២០ខាងមុខ។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសន្យារួមគ្នាថា នឹងអញ្ជើញបើកច្រកព្រំដែនគោគ នៃប្រទេសទាំងពីរ តាមពេលវេលាដ៏សមស្របបំផុត នៅពេលខាងមុខ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner