ឯកឧត្តម អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំឧត្តម មន្ត្រីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា និងវៀតណាម នៅទីក្រុងបាងកក

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨     ឯកឧត្តម អ៊ុង ស៊ាន   រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំឧត្តម     មន្ត្រីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា និងវៀតណាម នៅទីក្រុងបាងកក  ដើម្បីពិភាក្សាបញ្ចប់សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា និងវៀតណាម (CLMV) លើកទី៩ ក្រោមមូលបទ «ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា»  មុននឹងដាក់ជូនថ្នាក់ដឹកនាំប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា និងវៀតណាម អនុម័តនៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា និងវៀតណាម លើកទី៩ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធានអង្គប្រជុំ។

កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបួន ព្រមទាំងបានរិះរកមធ្យោបាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំង៩ ក្នុងក្របខណ្ឌ CLMV ដែលរួមមាន (១) ការសម្របសម្រួលនយោបាយសមាហរណកម្មសេដ្ឋកិច្ច (២) វិនិយោគ និងពាណិជ្ជកម្ម (៣) កសិកម្ម (៤) ឧស្សាហកម្ម (៥) ថាមពល (៦) ការដឹកជញ្ជូន (៧) បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (៨) ទេសចរណ៍ និង (៩) ការអភិវឌ្ឍធនធានមនុស្ស។

កិច្ចប្រជុំនាថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងខណៈដែលយន្តការ CLMV ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ រហូតដល់ពេលនេះ មានអាយុកាល១៤ឆ្នាំហើយ ក្នុងគោលបំណងពង្រួញគម្លាតអភិវឌ្ឍន៍តំបន់ បង្កើនសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា និងវៀតណាម  និងដើម្បីរួមចំណែកក្នុងការបង្កើតសហគមន៍អាស៊ាន។

ក្នុងរយៈកាល ១៤ ឆ្នាំកន្លងទៅនេះ យើងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដើម្បីសម្រេចបាននូវវិបុលភាពក្នុងតំបន់ដោយធ្វើការពង្រឹងសាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងចំណោមប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា និងវៀតណាម ប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់យើងក្នុងការលើកតម្កើងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព វិបុលភាព និងគុណភាពជីវភាពប្រជាជនយើង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner