ឯ.ឧ សួស គង់ ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបន្តបន្ទាប់

អត្ថបទដោយ៖
Kien Sereyvuth

(កំពង់ស្ពឺ) ៖ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកភ្នំស្រួច មានប្រសាសន៍ថា ស្នាដៃដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបន្តបន្ទាប់ ។

ឯកឧត្តម មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨  ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២៣០នាក់ ស្រី ៨៣នាក់ ដែលអញ្ជើញមកពី ៧ភូមិ នៃឃុំព្រៃរំដួល ។

ក្នុងកម្មវិធីសំណួរ ចម្លើយ រវាងប្រជាពលរដ្ឋ និងក្រុមការងារ បងប្អូនប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរ និងទុក្ខកង្វល់របស់ខ្លួនជាបន្តបន្ទាប់ ជាពិសេស ពាក់ព័ន្ធនឹងសំណូមពរសុំសាងសង់ផ្លូវឆ្លងកាត់ភូមិ ការទប់ស្កាត់រថយន្តដឹកខ្សាច់លើសទម្ងន់បើកបរលើផ្លូវក្រាលកៅស៊ូ និងការជួសជុលផ្លូវក្រាលកៅស៊ូ ការជួសជុលអគារសិក្សាដែលប្រេះស្រាំក្នុងអនុវិទ្យាល័យព្រៃរំដួល ការចាក់ដីក្នុងអនុវិទ្យាល័យ បញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ប្រេងឡើងថ្លៃ បញ្ហាប៉ះពាល់សុខភាពដោយសារការធុំលាមកជ្រូក និងកាកសំណល់ពីកសិដ្ឋានចិញ្ចឹមជ្រូកហូរចូលប្រភពទឹកប្រើប្រាស់ ដែលសំណូមពរ និងសំនួរទាំងនេះត្រូវបានបកស្រាយយ៉ាងក្បោះក្បាយពីតំណាងស្ថាប័នជំនាញពាក់ព័ន្ធ។

មុននឹងធ្វីការបូកសរុប និងឆ្លើយតបបំពេញបន្ថែមមតិជំនាញជាចុងក្រោយ ឯកឧត្តម សួស គង់ បានជំរាបជូនដល់អង្គពិធីទាំងមូលថា ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង ហើយបានចុះផ្ទាល់ដល់មូលដ្ឋាន និងចូលរួមក្នុងវេទិកាសាធារណៈនាថ្ងៃនេះ គឺដើម្បីស្តាប់សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយនូវរាល់សំណូមពរ និងសំណើរទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ។ ក្នុងករណីមិនអាចដោះស្រាយបាន ហើយនៅសេសសល់ ក្រុមការងារនឹងបូកសរុប ហើយធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយតាមក្រោយ ។

ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីអនុវត្តនូវសិទ្ធិប្រជាពលរដ្ឋ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលអាចថែរក្សាការពារសុខសន្តិភាពក្នុងក្របខ័ណ្ ឌទូទាំងប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកំពុងកើតមាននាពេបច្ចុប្បន្ន ជាពិសេស  គាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី ៦ និងអាណត្តិក្រោយៗទៀត ។

ឯកឧត្តម សួស គង់ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករឭកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវាងវៃ នៃរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងពីគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាននាំមកជូនប្រទេសជាតិនូវសុខសន្តិភាព ស្ថេរភាពពេញលេញ បង្កលក្ខណៈឲ្យកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ហើយមានការអភិវឌ្ឍ និងទទួលបានជោគជ័យលើគ្រប់វិស័យ ទាំងវិស័យកសាងជាតិ និងការពារជាតិ ដែលធ្វើឲ្យកម្ពុជាយើងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner