សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន យុទ្ធនារី ខេត្តសៀមរាប ដែលបានពលីកម្មដ៏ធំធេងចំពោះជាតិ មាតុភូមិនិងមិនអាចកាត់ថ្លៃបាន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណៈ កម្មាធិការកណ្តាល សមាគមអតីតយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនដល់អតីតយុទ្ធជនទូទាំងក្រុងសៀមរបចំនួន ១ពាន់៨៥៥នាក់ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផង ដែរ។ ដោយឡែកចំពោះអតីតយុទ្ធជន យុទ្ធនារី ដែលពលីកម្មដ៏ធំធេងចំពោះជាតិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភគាំទ្រជាច្រើន និងបានកសាងផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាបានរាប់រយខ្នងនៅតាមសហគមន៍ និងផ្តល់អំណោយសប្បុរសធម៌ដល់អតីតយុទ្ធជនជាច្រើនទៀតផងដែរ។ ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអាជ្ញា ធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធិផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏បងប្អូនអតីតយុទ្ធជននៅមានឧបសគ្គជាច្រើន តម្រូវឲ្យយើងត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីតយុទ្ធជនទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជនចំនួន ១ពាន់៨៨៥នាក់ ដោយម្នាក់ៗ ទទួលបានថវិការចំនួន ៥ម៉ឺនរៀល ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយទោ ស៊ិន ភាត់ មេបញ្ផាការតំបន់ប្រតិបត្តិការសឹករង សៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជននៅខេត្តសៀមរាបមានចំនួន ៦ពាន់៥១៥នាក់ ក្នុងនោះគ្រួសារពលីមានចំនួន ១ពាន់៩១៥គ្រួសារ, ជនមរណៈមានចំនួន ២០១នាក់, ជនពិការមានចំនួន ២ពាន់១២៧នាក់, និវត្តន៍ជនមានចំនួន ២ពាន់១១៦នាក់ និងជនបាត់បង់សម្បទាចំនួន ១៥៦នាក់ផងដែរ ៕