ឯកឧត្តម ឈិន កេតនា ថ្លែងថា សម្តេចប្រុខ រាជរដ្ឋាភិបាល ជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាល និងថែទាំអ្នកជម្ងឺឲ្យបានកាន់តែល្អប្រសើរថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ) ៖ ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ នាព្រឹកថៃ្ងទី១៥ខែមិថុនាឆ្នាំ២០១៧ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិបានមានប្រសាសន៍ថា ៖

រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុកដាក់ និងជួយទំនុកបំរុងគ្រប់បែបយ៉ាងជាពិសេសគឺជំរុញសេវាព្យាបាលឲ្យបានល្អប្រសើរ ដល់អ្នកជម្ងឺកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ពីសំណាក់ក្រុមគ្រូពេទ្យផ្ទាល់ ។ ឯកឧត្តម បានលើកឡើងថា ៖ គណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដាក់ចេញផែនការណែនាំ ដល់គ្រប់អន្តរក្រសួងនិងអាជ្ញាធរដែនដីត្រូវចុះសួរសុខទុក្ខនិងឧបត្ថម្ភដល់ក្មួយៗកុមារកំព្រា ចាស់ជរាគ្មានទីពឹង ជនពិការនិងគ្រួសារយុទ្ធជន ក្នុងជីវភាពរស់នៅប្រចាំថៃ្ងជានិច្ច ជាពិសេសក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថៃ្លថ្នូរនិងសុភមង្គល ក្នុងគម្រប់៨២ យាងចូល ៨៣ព្រះវស្សាដែលនឹងប្រព្រឹត្តិទៅ នៅថៃ្ងច័ន្ទទី១៨ ខែមិថុនានេះ ។

ឯកឧត្តម បានលើកឡើងថា ៖ ប្រទេសជាតិយើងបើគ្មានសុខសន្តិភាព គ្មានស្ថេរភាពនិងគ្មានការអភិវឌ្ឍជាតិទេ បងប្អូនប្រជាពលរដ្ឋក៏គ្មានមន្ទីរពេទ្យ គ្មានមណ្ឌលសុខភាពសម្រាប់សម្រាកព្យាបាលដូចសព្វថ្ងៃនេះដែរ ។ ជាក់ស្តែងកាលពីសម័យសង្រ្គាមក្នុងរបបលន់ណុល១៩៧០-១៩៧៥ និងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត១៩៧៥ -១៩៧៩ ដែលកាលនោះប្រទេសជាតិធ្លាក់ក្នុងគ្រោះមន្តរាយប្រល័យពូជសាសន៍​​ និងបំផ្លិចបំផ្លាញគ្មានសល់ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ​ទាំងមូល​​ ប៉ុន្តែជាភ័ព្ទសំណាងប្រជាពលរដ្ឋត្រូវបានរស់រានមានជីវិតឡើងវិញ នៅក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ ហើយបងប្អូនក៏ចាប់ផ្តើមគ្រួសារនិងរួមចំណែកស្តាកសាងប្រទេសជាមួយរាជរដ្ឋាភិបាលទើប​ធ្វើឲ្យសង្គមជាតិមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

ឯកឧត្តមប្រធានគណប្រតិភូបានពាំនាំនូវសារជូនពររបស់សម្តេចប្រមុខថា្នក់ដឹកនាំប្រទេសមានសម្តេចវិបុលសេនាភក្តីសាយឈុំ សម្តេចអគ្គមហាពញ្ញាចក្រីហេងសំរិន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីជូនចំពោះបងប្អូនអ្នកជម្ងឺទាំងអស់ដែលកំពុងសំរាកព្យាបាលនៅទីនេះសូមឲ្យឆាប់ជាសះស្បើយពីរោគា និងបានវិលត្រលប់ទៅលំនៅដ្ឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋាននិងសង្គមជាតិឲ្យកាន់តែរីកចំរើនសំបូរបែប ឈានឡើងជានិច្ច៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner