ក្រសួងពាណិជ្ជកម្ម ប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ជូនមណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម

អត្ថបទដោយ៖
Kien Sereyvuth

រថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង ដែលជាអំណោយរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ធ្វើការប្រគល់ជូនមណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់ជូនសេវាសង្គ្រោះបន្ទាន់ និងសេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងគោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាលកម្ពុជា ។

ពិធីប្រគល់រថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានរៀបចំឡើងកាលពីរសៀលទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ,  ឯកឧត្តម លន់ លឹមថៃ ប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត សាស្រ្តាចារ្យ គ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិការ និងប្រជាពលរដ្ឋប្រមាណជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ, ឯកឧត្តម ប៉ាន សូរស័ក្តិ  បានមានប្រសាសន៏ថា គោលដៅចម្បងរបស់យើងក្នុងការប្រគល់រថយន្តសង្គ្រោះបន្ទាន់នៅពេលនេះ គឺដើម្បីជួយដឹកជញ្ជូនជនរងគ្រោះ ឬអ្នកជម្ងឺធ្ងន់ស្រាល ដើម្បីសង្គ្រោះជីវិត និងកាត់បន្ថយការចំណាយលើថ្លៃព្យាបាលរបស់លោកយាយ លោកតា បងប្អូន កូនក្មួយ និងប្រជាពលរដ្ឋទាំងអស់ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីសារៈសំខាន់នៃសន្តិភាព និងការឯកភាពជាតិ ដែលបានផ្តល់ឱកាសជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានចូលរួមស្តារ និងកសាងប្រទេសឡើងវិញ រហូតទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាកទ្រពធន ស្បៀង សម្ភារ បរិក្ខា ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានភូមិ/ឃុំ ជួយកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ  ព្រមទាំងដោះស្រាយរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាជន នៅទូទាំងស្រុកព្រៃឈរ ។ ជាក់ស្តែងដូចជាការប្រគល់ជូននូវរថយន្តសង្គ្រោះបន្ទាន់នៅពេលនេះ ដើម្បីសម្រួលការលំបាក់របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រីតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានបង្កើននូវមន្ទីរពេទ្យ មណ្ឌល់សុខភាពនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ឋិភាព ។ ជាមួយគ្នានោះ, រាជរដ្ឋាភិបាលក៏បានអនុញ្ញាត្តិឲ្យបង្កើតមន្ទីរពេទ្យ និងគ្លីនិចឯកជនបន្ថែមទៀត ដើម្បីឲ្យសេវាសុខាភិបាលនៅកម្ពុជាកាន់តែទូលំទូលាយ ឆ្លើយតមតាមតម្រូវការចាំបាច់របស់ប្រជាជន។ ជាមួយគ្នានោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគុណតម្លៃនៃយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីទាំងស្ថាប័ន និងរូបវន្ត ព្រមទាំងបានអភិវឌ្ឍន៏ប្រទេសរីកចម្រើនលើគ្រប់វិស័យ និងនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ដែលជាបច្ច័យដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងបានប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌ តាមរយៈការបង្កើតក្រុមការងារថ្នាក់ជាតិ ដើម្បីចូលរួមអនុវត្តន៍គោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣។
ក្នុងឱកាសនោះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមទៅបោះ ឆ្នោតនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ច និងអនុវត្តនូវសិទិ្ឋជាពលរដ្ឋខ្មែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner