កម្ពុជាត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ សម្រាប់អណត្តិមួយឆ្នាំ (២០១៩) ដោយសំឡេងគាំទ្រ ចំនួន១៨៣ លើ១៨៨ ក្នុងការបោះឆ្នោតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហាសន្និបាត នៃទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។
ក្រសួងការបរទេសបានប្រកាសឲ្យដឹងថា នោះគឺជាជោគជ័យ ដ៏ធំធេងថ្មីមួយទៀត របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើជាអនុប្រធាននៃសម័យប្រជុំលើទី៧៣ របស់មហាសន្និបាតអង្គការ សហប្រជាជាតិសម្រាប់អណត្តិពីខែកញ្ញា ២០១៨ ដល់ខែកញ្ញា ២០១៩ រួមជាមួយប្រទេស ចំនួន១៥ ផ្សេងទៀត និងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់ អង្គការសហប្រជាជាតិ កម្ពុជាប្ដេជ្ញានឹងខិតខំ ចូលរួមពិភាក្សានិងផ្តល់យោបល់លើ ការជម្រុញស្តង់ដាររស់នៅឲ្យបានខ្ពស់ ការបង្កើតការងារឲ្យបានពេញលេញ និងជម្រុញលក្ខខណ្ឌនៃការរើកចំរើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍។ ចូលរួមជំរុញកិច្ច សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ។
ចូលរួមជំរុញដំណោះស្រាយបញ្ហា សេដ្ឋកិច្ច អន្តរជាតិ សុខាភិបាលសង្គម។ ចូលរួមជំរុញការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ជាមួយគ្នានោះ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលនៃប្រទេសទាំង១៨៣ ដែលបានបោះឆ្នោតគាំទ្រព្រះរាជាណាចក្រកម្ពុជា សម្រាប់តួនាទីដ៏សំខាន់នេះ៕