សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ក្លឹប និងសមាគមន រុះរាន់មកដាក់ពាក្យ ចូលរួមប្រកួតជើងឯកទាញព្រ័ត្រទូទាំងប្រទេស
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា កាលពីថ្ងៃ អង្គារម្សិលមិញ បានចេញសេចក្តីជូនដំណឹងរបស់ខ្លួនស្តីពីការប្រកាសបើកការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកទូទាំងប្រទេស ដែលគ្រោងដំណើរការពីថ្ងៃទី០៤ដល់ថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៨ នាទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ដល់ក្លឹប និងសមាគមន ដែលជាសមាជិកអោយរុះរាន់ដាក់ពាក្យចូលរួមប្រកួត ក្នុងគោលបំណងស្វែងរកកីឡាករការិនីដែលមានសមត្ថភាព មកហ្វឹកហាត់ជាក្រុមជម្រើសជាតិ ត្រៀមការប្រកួតធំៗលើឆាកអន្តរជាតិ ។
ការទទួលពាក្យសុំចូលរួមប្រកួតពីសមាគមន៍ឬក្លឹបទាំង ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចាប់ផ្តើមទទួលពីថ្ងៃជូនដំណឹងនេះតទៅ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ទី៤ ហើយពាក្យស្នើរសុំត្រូវបិទឈប់ទទួលត្រឹមថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៨ ។
លក្ខណដែលអាចចូលរួមប្រកួតបានកីឡាករការិនី ត្រូវមានសញ្ជាតិខ្មែរ សមាគម ឬក្លឹបត្រូវបានទទួលស្គាល់ជាសមាជិកផ្លូវការ ពីសហព័ន្ធកីឡាទាញព្រ័ត្រ ដោយកីឡាករការិនីទាំងនោះ ធ្លាប់ជាប់ចំណាត់ថ្នាក់ពីលេខ១ដល់៣ ក្នុងពានរង្វាន់ភូមិភាគ ដែលរៀបចំដោយសហព័ន្ធនាពេលកន្លងទៅ ។
សម្រាប់វិញ្ញាសា ប្រកួតវិញ សហព័ន្ធដាក់អោយប្រកួតប្រជែងលើ២វិញ្ញាសា មានដូចជា៖ វិញ្ញាសាប្រកួតផ្នែកបុរស ទម្ងន់៦០០គីឡូក្រាម និងវិញ្ញាសាប្រកួតផ្នែកនារី ប្រកួតទម្ងន់៥០០គីឡូក្រាម ។
ក្លឹប ឬសមាគម ដែលបានឃើញសេចក្តីប្រកាសជូនដំណឹងខាងលើសូមរុះរាន់ដាក់ពាក្យចូលរួមប្រកួត ដើម្បីសម្រួលភាពងាយស្រួលក្នុងការរៀបក្រុមអោយបានល្អប្រសើរ ។