សម្ដេចតេជោគ្រោងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសថៃនារសៀលថ្ងៃនេះ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃ១៤មិថុនានេះ បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ សម្ដេចនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់ទៅ ចូលរួមកិច្ច ប្រជុំកំពូលយុទ្ឋសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលកិច្ចប្រជុំកំពូលនេះធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មិថុនា ២០១៨ ។

កិច្ចប្រជុំកំពូលនេះ គឺនឹងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេសមួយចំនួនដូចជា ប្រទេសថៃ, កម្ពុជា, ឡាវ, មីយ៉ាន់មា និងវៀតណាម ក្នុងគោលបំណងសំខាន់ដើម្បីចែករំលែក ផលប្រយោជន៍រួម និងដើម្បីលើកកម្ពស់ភាពជាអ្នក ជិតខាងល្អ, មិត្តភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែង រវាងប្រទេសជាសមាជិក និងដៃគូទាំងអស់។ ក្រៅពីកិច្ចប្រជុំកំពូលទាំង២នេះ សម្ដេចនឹងមានជំនួបការងារ ដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។

តាមកម្មវិធីខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃសៅរ៍ ទី១៦ មិថុនានេះ។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃ១៣មិថុនាម្សិលមិញ បានឲ្យដឹងថា ឥស្សរជនកម្ពុជាដែលនឹង អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងទេសចរណ៍  លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ   និង  រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ។ 

យោងតាមក្រសួងការបរទេស កិច្ចប្រជុំកំពូល ACMECS លើកទី៨  ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់ សហគមន៍មេគង្គដែលមានសមាហរណកម្ម និងការតភ្ជាប់”  នឹងត្រូវដឹកនាំដោយ លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ដែលជាប្រធានកិច្ចប្រជុំ។  ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨ នឹងពិភាក្សាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ឲ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន  បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួម ពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ឯកសារសំខាន់ចំនួន៣ ដែលនឹងត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន (១) បញ្ជីគម្រោង អាទិភាព (២)ផែនការមេ ACMECS ២០១៩-២០២៣ និង  (៣) សេចក្តីថ្លែងការណ៍ ទីក្រុងបាងកក ។  

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមផងដែរនៅ ក្នុងវេទិកានាយកប្រតិបត្តិ ACMECS (ACMECS CEO Forum)  ដោយក្នុងឱកាសនោះ សម្តេចតេជោ នឹងថ្លែងសុន្ទរកថាគន្លឹះមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS និងការធ្វើសមាហរណកម្ម។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៨ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  នឹងធ្វើជាប្រធាន កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលនឹងមានការចូល រួមពីសំណាក់ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ឯកឧត្តម អ៊ូ វីន ម្ញីនត៍ (U Win Myint) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc)  នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ 

ឯកឧត្តម      ដាតុ លីម ចូក ហួយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ក៏ត្រូវបានអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលនេះ ផងដែរ។ ក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ច កាន់តែខ្លាំងក្លា” ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមកិច្ចក្នុងប្រជុំកំពូល CLMV លើកទី៩ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយនិងពិភាក្សារិះរកវិធីយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្តានុពល សេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកំពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន នៅក្នុងតំបន់ ក៏ដូចជាលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន  ដែលជាការរួមវិភាគទានដល់ការកសាង សហគមន៍អាស៊ាន។  

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល CLMV លើកទី៩ នេះ  នឹងមានការអនុម័តសេចក្តីថ្លែងការណ៍រួម ហើយបន្ទាប់មក     សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើសន្និសីទសារព័ត៌មានក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ។ គួរកត់សម្គាល់ថា ប្រទេស CLMV មានការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយសារថ្នាក់ដឹកនាំនៃប្រទេសនីមួយៗបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងសម្របសម្រួលដើម្បីឲ្យមានសេរីភាវូបនីយកម្ម ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច     គួបផ្សំជាមួយនិងកត្តាលើកទឹកចិត្តផ្សេងៗទៀត ដូចជាតម្លៃពលកម្មទាប  អំណោយផលនៃប្រជាសាស្រ្ត ក៏ដូចជាទីតាំងភូមិសាស្រ្តមាន  លក្ខណៈយុទ្ធសាស្រ្ត។ ក្រៅពីការអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី៩នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត និងឯកឧត្តម ង្វៀន សួនហ្វ៊ុក ផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ដើម្បីពង្រឹង និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏កក់ក្តៅ និងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងថៃ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner