អត្ថន័យក្នុងសេចក្តីថ្លែងការណ៍រួម ដែលចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរី

(សិង្ហបុរី) ៖ បន្ទាប់ពីការចុះហត្ថលេខាលើឯកសាររួមជាប្រវត្តិសាស្រ្ត នៅក្រោយការជួបពិភាក្សាជាលើកដំបូងអស់រយៈពេលជាង ០២ម៉ោង ជាមួយលោក គីម ជុងអ៊ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ដំណើរការនៃការរំសាយអាវុធនៅនុយក្លេអ៊ែរនៅកូរ៉េខាងជើង នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។
បើតាមរូបភាពនៃឯកសាររួម ដែលលោក ត្រាំ បានកាន់បង្ហាញឲ្យក្រុមអ្នកសារព័ត៌មានផ្តិតយកបាននោះ រួមមាន០៤ចំណុចសំខាន់ៗគឺ ៖
១៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់ទំនងអាមេរិក-កូរ៉េខាងជើងថ្មី ដោយឈរលើសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន នៃប្រទេសទាំងពីរ ដែលចង់បានសន្តិភាព និងវិបុលភាព។
២៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបង្កើតកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីកសាងសន្តិភាពដែលមានភាពយូរអង្វែង និងមានស្ថិរភាពនៅឧបទ្វីបកូរ៉េ។
៣៖ ដោយគោរពតាមសេចក្តីប្រកាសថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិ Panmunjom ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង កូរ៉េខាងជើងនឹងរួមសហការគ្នា ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ពីឧបទ្វីបកូរ៉េ។
៤៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាក្នុងការរុករកគ្រោងឆ្អឹងកងទ័ពអាមេរិកកាលពីសម័យសង្រ្គាមកូរ៉េ រួមទាំងការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ នៃគ្រោងឆ្អឹងទាហានអាមេរិក ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់។
សូមជម្រាបថា ក្រោយការបិទបញ្ចប់នៃជំនួបកំពូលខាងលើ លោកប្រធានាធិបតីអាមេរិក និង ប្រមុខដឹកនាំកូរ៉េខាងជើង បានចាកចេញពីកោះ Sentosa ហើយ។ លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ត្រូវគេរាយការណ៍ថា នឹងវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ នៅថ្ងៃនេះតែម្តង ដោយលោក ត្រាំ ក៏នឹងសន្និសីទមួយតែម្នាក់ឯងមួយផងដែរ មុនចាកចេញនៅវេលាយប់នេះ ហើយលោក គីម អាចនឹងចេញទៅព្យុងយ៉ាងវិញនៅរសៀលនេះតែម្តង ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner