ពិធីចុះហត្ថលេខារួមគ្នារវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ចាប់ផ្តើមហើយ

សង្ហិបុរី៖ ក្រោយជំនួបពេញមួយព្រឹកនៅឯសណ្ឋាគារ ខាភែលឡា នៅលើកោះ សេនតូសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឈានដល់ពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមហើយ ខណៈគេរំពឹងថា ការឈានទៅរំសាយអាវុធនុយ ក្លេអ៊ែរ នឹងអាចកើតមានឡើងនាពេលឆាប់ៗ ព្រោះលោក គីម ប្រកាសប្រាប់ពិភពលោកថា យើងនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយនៅពេលខាងមុខ ។

អង្គុយទន្ទឹមគ្នាពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម លោក គីម ជុងអ៊ុន បានបញ្ជាក់ថា អតីតកាលត្រូវទុកមួយឡែក ហើយគេនឹងមើលឃើញថា មានការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មានមួយ ។ បន្ទាប់មកលោកក៏បានអរគុណលោក ដូណាល់ ត្រាំ ដែលធ្វើអោយកិច្ចប្រជុំនេះកើតឡើងផងដែរ ។ ពេលអ្នកសារព័ត៌មានសាកសួរពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបភ្លាមៗឡើយ ដោយលោកបានងាកទៅថ្លែងអំណរគុណលោក គីម សិន ជុំវិញការអនុញ្ញាតអោយជំនួបនេះកើត ឡើងតាមការគ្រោងទុក ។  បន្ទាប់មកលោក ត្រាំ បាននិយាយថា លោកមានឆន្ទៈអញ្ជើញ លោក គីម ទៅសេតវិមាន ហើយការរំសាយអាវុធ នុយក្លេអ៊ែរអាចនឹងចាប់ផ្តើមនាពេលឆាប់ៗនេះដែរ ។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួបប្រវត្តិសាស្ត្រនេះ លោក គីម នឹងចាកចេញពីសិង្ហបុរីភ្លាមៗ ទៅកាន់កូរ៉េខាងជើងវិញ ចំណែកឯលោក ត្រាំ នឹងធ្វើសន្និសីទសារព័ត៌មានមួយសិន ដើម្បីបង្ហាញទៅកាន់ពិភពលោកអំពីលទ្ធផលនៃកិច្ចប្រជុំប្រវត្តិសាស្ត្រនេះ មុននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកវិញ ។ ដោយឡែក ភ្លាមៗក្រោយមេដឹកនាំទាំងពីបញ្ចប់ជំនួបប្រវត្តិសាស្ត្រ តំណាងរដ្ឋាភិបាលចិន លោក វ៉ាង យី ក៏បានចេញមុខសាទរ និងទទួលស្គាល់ថា លោក ត្រាំ និងលោក គីម កំពុងបង្កើតប្រវត្តិសាស្ត្រថ្មីថែមទៀត ។ រដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បាន អំពាវនាវឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរឲ្យបានពេញលេញ និងធ្វើយ៉ាងណាបញ្ចប់ភាព តានតឹងទាំងស្រុងផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner