ផលិតផលចំណីអាហារខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ជាង១០០តោន គ្រោងនឹងកម្រេចចោលក្នុងរយៈពេល២ថ្ងៃទៅមុខទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រោង នឹងអញ្ជើញជាអធិបតីក្នុងពិធីកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ ដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាពជាង១០០តោន ដែលសមត្ថកិច្ចចម្រុះនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាប និងរឹបអូសពីជនល្មើសដែល ចរាចរ ស្ដុកទុក ផលិត និងចែកចាយខុសច្បាប់នាពេលកន្លងមក។ ពិធីនោះ គ្រោងនឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ពន្ធ័ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុនឯកជន ជាតិ និងអន្តរជាតិ មួយចំនួនផងដែរ។ ពិធីកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ដែលមាន សារធាតុគីមីប៉ះពាល់ដល់សុខភាពទាំងនោះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ ដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃ១៤មិថុនា នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។