ជំនួបលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបញ្ចប់ក្នុងរយៈពេល ៩០នាទី និងត្រៀមទទួលទានអាហារថ្ងៃត្រង់រួមគ្នា
(សិង្ហបុរី)៖ ជំនួបកំពូលទ្វេភាគីលើកទី ២ មានរយៈពេលជាង ៩០នាទី រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមទាំងក្រុមមន្ត្រីទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំទាំងពីរភាគីត្រូវបានបញ្ចប់ និងបន្ទាប់មកទៀត គឺការទទួលទានអាហារថ្ងៃត្រង់រួមគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រ នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅសិង្ហបុរី ឬត្រូវនឹងម៉ោង ៨ ៖០០នាទីនៅកម្ពុជា) ដោយក្នុងកិច្ចពិភាក្សាលើកទី ១ មេដឹកនាំទាំងពីរបានធ្វើការស្វាគមន៍គ្នាទៅវិញទៅមកក្នុងវេទិកា ដែលត្រូវបាន រៀបចំនៅសណ្ឋាគារ Capella និងពិភាក្សាគ្នាជាទូទៅ ដោយបានចំណាយពេលជាង ៤០នាទី ។ បន្ទាប់ពីបានទទួលទានអាហារថ្ងៃត្រង់រួមគ្នា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បាននាំគ្នាដើរកម្សាន្តនៅឯសណ្ឋាគារ Capella ហើយនៅពេលបន្ទាប់ទៀត សេចក្តីប្រកាសរួមគ្នាក៏នឹងអាចកើតមានផងដែរ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ។
នៅក្នុងពិធីទទួលទានអាហារនោះ មេដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងក្រុមប្រតិភូទាំងសងខាង បានអង្គុយពិភាក្សាគ្នាបណ្តើរ និងពិសាអាហារបណ្តើរ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងអាហារដែលត្រូវបានរៀបចំ ទៅតាមចំណង់ចំណូលចិត្ត នៃមេដឹកនាំពិភពលោកទាំងពីរនេះផ្ទាល់តែម្តង៕