មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងរកឃើញទំនិញខូចគុណភាពជាង៣០០គីឡូក្រាមនៅផ្សារដូនស្រុកស្វាយជ្រំ

អត្ថបទដោយ៖
Kien Sereyvuth

(ស្វាយរៀង)​៖​ លោកផឹងនិលប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នេះបានដឹកនាំមន្ត្រីរបស់ខ្លួនចុះពិនិត្យទំនិញនៅទីតាំងផ្សារដូនសនិងពិនិត្យចំណីអាហារក្នុងបរិវេណសាលារៀនវិទ្យាល័យដូនសឃុំដូនសស្រុកស្វាយជ្រំ រកឃើញទំនិញខូចគុណភាពជាង៣០០គីឡូក្រាមនិងដំណាប់ចាហ៊ួយដែលមុខទំនិញហាមឃាត់បាន២០កេះយកទៅដុតកម្ទេចចោល។

លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។

ប្រធានសាខាកាំកុងត្រូលរូបនេះ បានបន្តទៀតថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។
លោកបានបញ្ជាក់ថា មន្ត្រីជំនាញ​បានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារដូនសរនាពេលនេះ បានរកឃើញទំនិញខូចគុណភាពបានជាង៣០០គីឡូក្រាមជាពិសេសបានដកហូតចាហ៊ួយដំណាប់ដូងចំនួន២០កេះជាមុខទំនិញហាមឃាត់ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពខណះដែលបរិភោគទៅប៉ះពាល់ដល់ប្រដាប់រំលាយអាហារ ព្រោះវាជាប្រភេទចាហ៊ួយដែលរឹងដូចកៅស៊ូនាំចូលពីក្រៅប្រទេសតាមច្រករបៀងហើយកំលាំងជំនាញរបស់យើងបានដកហូតយកទៅកម្ទេចចោលផងដែ។

ចំណែកអ្នកលក់​ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ​និញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាពនៅពេលដែលប្រើប្រាស់ទំ​និញដែលខូចគុណភាព។

ជាមួយគ្នានោះ លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner