សម្តេចតេជោ ហ៊ុន សែន នឹងបន្តសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកស្អែកនេះ
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ថែមទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភណ្ឌ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន២គោលដៅ សរុបចំនួន១ម៉ឺនគ្រួសារ ។
រាយការណ៍សង្ខេបអំពីស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ របស់អភិបាលខេត្តបន្ទាយមានមានជ័យ ឯកឧត្តម អុំ រាត្រី បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ខេត្តបន្ទាយមានជ័យ បានទទួលរងគ្រោះទឹកជំនន់ចំនួនពីរលើក។ ជំនន់លើកទី១ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ទឹកជំនន់ទឹកភ្លៀងកើតឡើងបណ្ដាលឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ នៅភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅចំនួន ៦៩គ្រួសារ បានជម្លៀសមកកាន់ទីទួលសុវត្ថិភាពស្ថិតក្នុងសាលាឃុំអូរបីជាន់ ហើយអាជ្ញាធរឃុំបានចុះចែកអំណោយចំនួន ៦៩គ្រួសារ។ ក្រោយស្នាក់នៅលើទីទួលបាន៣ថ្ងៃ ទឹកស្រក ប្រជាពលរដ្ឋ ក៏បានវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ។
ចំពោះលើកទី២ ចាប់ពីថ្ងៃយប់ថ្ងៃទី៣ ខែតុលាឆ្នាំ២០២០ មក ដោយសារស្ថានភាពអាកាសធាតុបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ និងទឹកហូរពីអូរព្រំដែនកម្ពុជា-ថៃផង ជំនន់ទឹកភ្លៀងក៏ជន់ឡើងម្ដងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅនិងមានភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្តបន្ទាប់ក្នុងកម្រិតមធ្យមទៅខ្ពស់ ហើយទឹកហូរធ្លាក់មកពីស្រុកបវិលខេត្តបាត់ដំបង ធ្វើឲ្យកម្រិតកម្ពស់ទឹកស្ទឹងមង្គលបុរី ស្ទឹងសេរីសោភ័ណ ហក់ឡើងលើសម្រិតប្រកាសអាសន្ន បណ្ដាលឱ្យលិចតាមតំបន់ទំនាប ភូមិតាមមាត់ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលមកដមកដដល់ពេលនេះ មានមនុស្សលង់ទឹកស្លាប់សរុប១៨នាក់ កុមារ ៣នាក់ ប៉ះពាល់លំនៅដ្ឋានសរុបជាង ២ម៉ឺនខ្នង និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន៤៥៦៧គ្រួសារ លិចស្រែចំនួន ៦៤៣៧២ហត ដំឡូងមីជា ១ម៉ឺនហិកតា និងដំណាំរួមផ្សំ ៩៨៩ហត, សាលារៀន ១៨៦សាលា ត្រូវផ្អាកការសិក្សាបណ្ដោះអាសន្ន, មណ្ឌលសុខភាព ៩កន្លែង វត្ត ៦០, សាលាឃុំ៥ ផ្លូវ ៨១០កន្លែងប្រវែង ៥៣៥គីឡូម៉ែត្រ, អណ្ដូងស្នប់ចំនួន៥៤, ទំនប់ប្រឡាយអាងប្រវែង ៣៤គីឡូម៉ែត្រ ៕