វិស័យអចលនទ្រព្យវៀតណាមត្រៀមចាប់យកឱកាសក្រោយពេលជំងឺកូវីដ១៩ចប់
ក្រុមហ៊ុនអចលនទ្រព្យវៀតណាមកំពុងត្រៀមខ្លួនចាប់យកឳកាស ពេលវិបត្តិកូវីដ១៩ នៅក្នុងប្រទេសវៀតណាមត្រូវបញ្ចប់ ខណៈទីផ្សារអចលនទ្រព្យវៀតណាមត្រូវបានគេរំពឹងថានឹងងើបឡើងវិញបន្ទាប់ពីវិបត្តកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមនៅថ្ងៃទី២៣ ខែឧសភា។
ប្រភពដដែលឲ្យដឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសវៀណាមត្រូវបានផ្អាកដំណើរការទាំងស្រុង ចាប់តាំងពីពេលផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាម។
របាយការណ៍របស់រដ្ឋាភិបាលវៀតណាមឲ្យដឹងថា៨០ភាគរយនៃភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានបិទដំណើរការរបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងត្រីមាសទី១នៃឆ្នាំ២០២០នេះ។ ចំណែកចំនួនក្រុមហ៊ុនអចលនទ្រព្យ ដែលទើបបង្កើតថ្មីក៏មានការធ្លាក់ចុះចំនួន១២ភាគរយផងដែរ។
ក៏ប៉ុន្តែអ្នកជំនាញ ដែលធ្វើការនៅក្នុងវិស័យអចលនទ្រព្យរបស់វៀតណាមបានបង្ហាញការជឿជាក់ថាឥទ្ធិពលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមលើវិស័យអចលនទ្រព្យគឺមានរយៈពេលខ្លីតែប៉ុណ្ណោះ ហើយនាពេលខាងមុខវិស័យនេះនឹងងើបលូតលាស់ឡើងវិញ។
យោងតាមលោក ផាន ឡាំ ប្រធានក្រុមហ៊ុនអចលនទ្រព្យDKRAវៀតណាមបានឲ្យដឹងថា ទីផ្សារអចលនទ្រព្យរបស់វៀតណាមនឹងបង្កើតបាននូវភាពប្រកួតប្រជែងនៅក្រោយចប់ជំងឺកូវីដ១៩ ដែលបង្កើនឲ្យមានសន្ទុះនៅក្នុងវិស័យនេះនៅចុងឆ្នាំ២០២០ និងឆ្នាំ២០២១។
លោក ង្វៀន វ៉ាន់ហ៊ុយ នាយកគ្រប់គ្រងនៃក្រុមហ៊ុន Asia Holding បានអំពាវនាវឲ្យអ្នកដែលធ្វើការនៅក្នុងវិស័យអចលនទ្រព្យនៅវៀតណាមមានការស៊ូទ្រាំ ហើយត្រៀមខ្លួនទៅនឹងភាគកន្ត្រាក់នៃវិស័យនេះ៕
ប្រភព៖ VNS