ជប៉ុនសម្ដែងសមានចិត្តចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយការលំបាកនេះ

ភ្នំពេញ៖ ការសម្ដែងសមានចិត្តនោះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរជូនចំពោះលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) ដែលត្រូវបានតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃ១៦កញ្ញាឆ្នាំ២០២០។  លោក ម៉ូតេហ្គី តូស៊ីមីសឺ បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងការស្វាគមន៍ ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់លោក នៅកម្ពុជាកាលពីខែសីហាឆ្នាំ២០២០កន្លងទៅ។

លោក ម៉ូតេហ្គី តូស៊ីមីសឺ បានបញ្ជាក់ជាថ្មីម្ដងទៀតនូវឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។ ទន្ទឹមនឹងនោះ លោក ម៉ូតេហ្គី តូស៊ីមីសឺ បានសម្ដែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនោះ។

លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះលោក ម៉ូតេហ្គី តូស៊ីមីសឺ  ដែលបានសម្ដែងការចូលរួមរំលែកទុក្ខ និងស្មគ្រ័ចិត្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានកត់សម្គាល់បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ  នៅកម្ពុជា គឺប្រទេសទាំងពីរកំពុងអនុវត្ត ច្រកសម្រាប់ការស្នាក់នៅ សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលលើសពី១៤ថ្ងៃ និងសង្ឃឹមថា ច្រកសម្រាប់ធុរកិច្ច សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលក្រោម១៤ថ្ងៃ នឹងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ចំពោះការផ្ដល់ឥណទានសម្បទានចំនួន២៥ប៊ីលានយ៉េន ឬប្រមាណ២៣៤លាន៦សែនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩។ លោក ម៉ូតេហ្គី តូស៊ីមីសឺ បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថកិច្ចប្រឆាំងនឹងអំពើភេរវកម្ម។ លោកបានបន្តថា ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណជប៉ុនចំពោះការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងឱកាសជំនួបតាមទូរសព្ទ័នោះ រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ព្រមទាំងកំណែទម្រង់អង្គកការសហប្រជាជាតិ។ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ បានបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner