ជប៉ុនសម្តែងក្តីអាណិតអាសូរកម្ពុជាដែលរងទឹកជំនន់
ប្រទេសជប៉ុនបានសម្ដែងក្តីអាណិតអាសូរចំពោះពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់និងបានបញ្ជាក់ថាជប៉ុននឹងត្រៀមខ្លួនក្នុងការជួយដោះស្រាយលើកិច្ចការដ៏លំបាកនោះ។ ការសម្ដែងសមានចិត្តរបស់ ប្រទេសជប៉ុន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសជប៉ុនលោកម៉ូតេហ្គី តូស៊ីមីសឺ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុននៅថ្ងៃទី២១តុលា។
លោក ម៉ូតេហ្គី តូស៊ីមីសឺ ត្រូវបានគេតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃ១៦កញ្ញាឆ្នាំ ២០២០។លោកម៉ូតេហ្គី តូស៊ីមីសឺ ក្នុងជំនួបពិភាក្សាតាមទូរស័ព្ទបានសម្ដែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនោះ។ កិច្ចពិភាក្សាតាមទូរស័ព្ទបានផ្តោតលើកិច្ចសហប្រតិបត្តិការបន្តរវាងប្រទេសទាំង២ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះការផ្ដល់ឥណទានសម្បទានចំនួន២៥ប៊ីលានយ៉េន ស្មើនឹង ២៣៤លាន៦សែនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ កូវីដ-១៩។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានថ្លែងទៀតថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាម តំបន់ទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថកិច្ច ប្រឆាំងនឹងអំពើភេរវកម្ម។ លោកបានបន្តថា ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជាថែមទៀត នៅពេលកម្ពុជាធ្វើជាប្រធាន ប្តូរវេនអាស៊ាន នៅឆ្នាំ២០២២៕