រដ្ឋមន្រ្តីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសំខាន់ៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ Conferenc
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ គឺ ១. កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២. កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង ៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀត ពិនិត្យ និងពិភាក្សាលើ៖
១. ការផ្លាស់ប្តូរទិដ្ឋភាពទូទៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្រោយពេលបញ្ចប់ការរាតត្បាត។
២. របាយការណ៍វឌ្ឍនៈភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ២០១៩-២០២០។
៣. សំណើសុំការអនុម័តយល់ព្រមពីរដ្ឋមន្រ្តីអាស៊ាន និងព្រៃឈើ។
តមកក្នុងរសៀលថ្ងៃដដែល ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តដឹកនាំកិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង ៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។ ក្រោយពីបានពិនិត្យ និងពិភាក្សារួចមកកិច្ចប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន បូកបី (ចិន កូរ៉េ និងជប៉ុន)ដោយផ្តោត៖
*ការពង្រឹងសន្តិសុខស្បៀង ការគ្រប់គ្រងព្រៃឈើប្រកប ដោយចិរភាព ការកាត់បន្ថយនិងការបន្ស៊ាំនឹងបម្រែ បម្រួលអាកាសធាតុ ការត្រួតពិនិត្យជំងឺ និងសុខភាពសត្វនិងរុក្ខជាតិ ការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធព័ត៌មាន និងបណ្តាញផ្ដល់និងផ្លាស់ប្ដូរ ចំណេះដឹង ការធ្វើឲ្យប្រសើរឡើងនូវផលិតភាព គុណភាព និងប្រព័ន្ធទីផ្សារផលិតផលកសិកម្ម និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។
*ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងប្រព័ន្ធដើម្បីជួយបង្កើនតម្លៃបន្ថែមដល់ផលិតផល កសិកម្មរបស់កសិករខ្នាតតូច។
*តាមរយៈកិច្ចព្រមព្រៀងអាស៊ានបូក៣ស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់នៅឆ្នាំ២០២០នេះ កម្ពុជានឹងទទួលបានអង្ករចំនួន៣០០តោន
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា
* ឯកភាពលើផែនការសកម្មភាពរយៈពេលមធ្យមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា លើ វិស័យកសិកម្ម និងព្រៃឈើឆ្នាំ២០២១-២០២៥ និងបានដាក់ភារៈកិច្ចដល់ឧត្ដមមន្រ្តីរបស់យើង អនុវត្តឲ្យ បានពេញលេញនូវផែនការសកម្មភាព ជាពិសេសគម្រោងអាទិភាពដែលទាក់ទងនឹងអាហារូបករណ៍ អាស៊ាន-ឥណ្ឌាសម្រាប់ការសិក្សាកម្រិតខ្ពស់អំពីកសិកម្ម ការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាសម្រាប់កសិករ នៅអាស៊ាន និងឥណ្ឌា កសិកម្មមានភាពវៃឆ្លាតជាមួយនឹងអាកាសធាតុ ការប្រើប្រាស់រូបូត និងដ្រោនក្នុង ផលិតកម្មកសិកម្ម និងរលកអេឡិចត្រូម៉ាញេទិចក្នុងការកែច្នៃម្ហូបអាហារ ការលើកកម្ពស់ការប្រើបច្ចេកវិទ្យា ក្រោយពេលប្រមូលផលសម្រាប់ផ្លែឈើ និងបន្លែ និងការគ្រប់គ្រងសុខភាពនិងជំងឺឆ្លងដែនក្នុងវិស័យកសិកម្ម៕