ភូមិកីឡា និងត្រូវបញ្ចប់ការសាងសង់ ប្រគល់មកអោយ CAMSOC នៅចុងឆ្នាំ២០២២
បើតាមការបញ្ជាក់ របស់ឯកឧត្តម វ៉ាត់ ចំរើន ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២០ បានអោយដឹងថា ភូមិកីឡា ឬ Sports Village ដែលកម្ពុជាត្រៀមសម្រាប់ទទួលអត្តពលិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងត្រូវបញ្ចប់ការសាងសង់ ប្រគល់មកអោយ CAMSOC នៅចុងឆ្នាំ២០២២ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអោយដឹងទៀតថា ការធ្វើភូមិកីឡាពិតជាសំខាន់ណាស់សម្រាប់ម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាធំ ជាពិសេសកីឡាស៊ីហ្គេមតម្រូវឲ្យម្ចាស់ផ្ទះធ្វើភូមិកីឡា។ ការធ្វើភូមិកីឡាពិតជាងាយស្រួលក្នុងការគ្រប់គ្រងក្រុមកីឡាមកពីប្រទេសនីមួយ ព្រោះអាចកាត់បន្ថយការចំណាយ មានសុវត្ថិភាពខ្ពស់ និងមិនដឹកជញ្ជូនច្រើន។
ឯកឧត្តម អគ្គលេខាធិការ ក៏បញ្ជាក់ផងដែរថា ភូមិកីឡា ឬ Sports Village បានចាប់ផ្តើមបុកគ្រឹសសាងសង់ហើយ បើតាមការកំណត់គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នឹងបញ្ចប់ការសាងសង់ ហើយប្រគល់មកអោយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ធ្វើការប្រើប្រាស់សម្រាប់ត្រៀម ទទួលកីឡាករ កីឡាការិនីប្រមាណជា ៧ពាន់នាក់ រួមជាមួយមន្ត្រីកីឡា ប្រតិភូគ្រូបង្វឹកប្រមាណជា៣ពាន់នាក់ មកចូលរួមក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមឆ្នាំ២០២៣ ៕