លោក ថេង សុថុល អំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញមករកចៅសង្កាត់ ឬមកទទួលសេវាដោយផ្ទាល់ ព្រោះចៅសង្កាត់ និងមន្ត្រីទាំងអស់ គឺជាអ្នកបម្រើសេវា មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ

ភ្នំពេញ៖ នៅក្នុងពិធីចែកអំណោយសប្បុរសជនដល់ប្រជាពលរដ្ឋ ចំនួន ៤០គ្រួសារ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅមុខបរិវេណសាលាសង្កាត់ផ្សារដើមថ្កូវ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចង់បំពេញឯកសារអ្វីមួយ សូមអញ្ជើញមករកចៅសង្កាត់ដោយផ្ទាល់ សូមមកទទួលសេវាដោយផ្ទាល់ ដើម្បីទំនាក់ទំនងល្អ រវាងមន្ត្រីរាជការយើង ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ គឺធ្វើយ៉ាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ ភូមិ មានភាពស្និទ្ឋស្នាលរវាងអាជ្ញាធរមូលដ្ឋាន ព្រោះចៅសង្កាត់ គឺជាអ្នកបម្រើសេវាប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ សូមបងប្អូនបញ្ឈប់ការខ្លាចរអារបៀបនេះ ប៉ុន្តែប្រសិនបើមករកមន្ត្រី ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកលោកភ្លាមៗ, លោកនឹងមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បញ្ជាក់ថា អំណោយដែលយកមកចែកជូនបងប្អូននៅពេលនេះ ជាការចូលរួមរបស់សប្បុរសជន ដោយសារមានការជឿជាក់ ទុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន ហើយអំណោយ ដែលគេប្រគល់ឲ្យមកអាជ្ញាធរខណ្ឌ សង្កាត់ គឺបានដល់ដៃប្រជាពលរដ្ឋខ្វះខាតពិតប្រាកដ ។

ជាមួយគ្នានេះ លោកក៏បានសូមឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំឲ្យឆ្លងជំងឺកូវីដ១៩ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែល យើងមិនធ្លាប់មានពីមុនដូចជា ការពាក់ម៉ាស់ និងនៅគម្លាតឆ្ងាយពីគ្នាជាដើម ។

លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនពោះបងប្អូនប្រជាពលរដ្ឋយើង ទោះបីសម្ដេចមិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេចបានគិតគូរខ្ពស់ ចំពោះបងប្អូនដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ។

លោកអភិបាលខណ្ឌ បានបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនេះ គឺជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោល គឺធ្វើឡើងដោយទឹកចិត្តអាណិតស្រលាញ់ មិនចាំបាច់ថា អ្នកធំ អ្នកមាន ទើបអាចជួយបងប្អូនបាននោះទេ គឺគ្រប់គ្នាទាំងអស់ឱ្យតែមានចិត្តជួយដល់សង្គម ជួយដល់បងប្អូនប្រជាពលរដ្ឋពិតនោះ គឺអាចជួយបានទាំងអស់ ។

ក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បានសុំឲ្យប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបន្តអនុវត្តវិធានអនាម័យឲ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបស្អាត បរិស្ថានល្អ ។ សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ស្ករស រួមនឹងថវិកាមួយចំនួនផងដែរ ៕ដោយ ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner