មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រាប់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងការសាមគ្គីភាព និងគោរពវិន័យឲ្យបានម៉ឹងម៉ាត់ ដើម្បីត្រៀមខ្លួនចុះជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ ការដាស់តឿនពីសំណាក់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅគ្រាដែល លោកឧត្តមសេនីយ៍ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានរបស់អង្គភាព បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី វិធានការពង្រឹងអនុវត្ថន៍លក្ខន្ដិកៈ បទវិន័យទូទៅ និងលំហាត់របៀបរបស់ កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃច័ន្ទ ទី២២មិថុនាឆ្នាំ២០២០ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានធ្វើឡើងតាមការណែនាំរបស់ក្រសួងការពារជាតិ ក្នុងគោលបំណង ផ្សព្វផ្សាយការងារ អប់រំចិត្តសាស្រ្ត ពង្រឹងតួនាទី ភារកិច្ច និងសតិអារម្មណ៍របស់កងទ័ព ឲ្យមានស្មារតីរឹងមាំ ម៉ឺងម៉ាត់ និងមានទឹកចិត្តមុតស្រួចថែមទៀត នៅក្នុងកិច្ចការងារការពារអធិបតេយ្យជាតិ បម្រើប្រជាពលរដ្ឋ ទ្រទ្រង់សាសនា ការពារព្រះមហាក្សត្រ រដ្ឋសភាជាតិ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ កាលពីពេលកន្លទៅនេះ អោយបានជាដាច់ខាត។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់បទបញ្ជាដល់យោធិនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពង្រឹងលើការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ត្រូវគោរពវិន័យ នៅក្នុងជួរកងកម្លាំងអោយទៀងទាត់ ម៉ឺងម៉ាត់ ត្រូវមានគុណធម៌ និងសីលធម៌ល្អក្នុងការរស់នៅ ត្រូវខិតខំរួមគ្នាកសាងអង្គភាព បង្កបង្កើនផល ដាំបន្លែបង្ការគ្រប់មុខ ដំណាំរួមផ្សំនានា និងការចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ប្រកបដោយសុខមាលភាព និងត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋ គ្រាដែលពួកគាត់ជួបគ្រោះមហន្តរាយធម្មជាតិនានា ដូចជាខ្យល់កន្ត្រាក់ និងទឹកជំនន់ជាដើម។ល។ ស្ថិតនៅក្នុងភូមិសាស្ត្រ ទទួលខុសរបស់អង្គភាពនីមួយៗ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាបំផុត សក្តិសមជាកងយោធពលខេមរភូមិន្ទ។

ស្របពេលជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការសឹករងខេត្ត បានថ្លែងកោតសសើរដល់យោធិន ទាំងនៅក្នុងអង្គភាពសឹករងខេត្ត និងមកពីតាមបណ្តាកងឯកភាពចំណុះទាំងអស់ ដែលនៅក្នុងរយៈពេលកន្លងមក បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវតួនាទី និងភារកិច្ច ជាពិសេស បានគោរព និងអនុវត្តន៍ច្បាប់ ស្តីពីលក្ខន្ដិកៈទូទៅរបស់ កងយោធពលខេមរភូមិន្ទ បានយ៉ាងល្អប្រសើរ ដោយគ្មានយោធិនណាម្នាក់ បានប្រព្រឹត្តខុសច្បាប់ បទបញ្ជា និងវិន័យរបស់កងទ័ព នោះឡើយ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងដាស់តឿនដល់យោធិន និងគ្រួសារកងកងទ័ពទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា ជាពិសេស ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយបញ្ចប់កិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានឈ្លាតឧិកាសដ៏មមាញឹកនេះ ដឹកនាំមន្ត្រីយោធាសំខាន់ៗជាច្រើនរូប អញ្ជើញចុះសួរសុទុក្ខ អតីតយុទ្ធជន ២គ្រួសារ គឺគ្រួសារមរណៈភាព និងគ្រួសារនិវត្តជន រស់នៅក្នុងស្រុកពីរ គឺស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងដំណើរចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជនទាំងពីរនោះ លោកមេបញ្ជាការ បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល ជូនគ្រួសារ លោក យ៉ន សុខ ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន។ បន្ទាប់មក លោកឧត្តមសេនីយ៍ បានបន្តចុះជួបអតីតយុទ្ធជនម្នាក់ទៀត ដែលបានចូលនិវត្ត គឺ លោក រស់ យឿ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅក្នុងភូមិតាំងត្រក ឃុំរបៀប ស្រុករវៀង។ នៅក្នុងគ្រានោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានឧបត្ថម្ភគ្រឿងបរិភោគ ដល់អតីតយុទ្ធជន នូវទឹកដោះគោ២ឡូ ស្ករស ១គីឡូក្រាម ទឹកក្រូច ១កេស អង្ករ២បេ ព្រមទាំងថវិកា ចំនួន ១៥ម៉ឺនរៀល ថែមទៀត ទុកសម្រាប់ដោះស្រាយការលំបាកក្នុងជីវភាពគ្រួសារ បានមួយកម្រិតដែរ៕ ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner