រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ការប្រឡងប្រណាំងអង្គភាពគំរូនាំឱ្យការងារល្អដែលជួយបម្រើដល់ ប្រទេសជាតិ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ការប្រឡងប្រណាំងស្ថាប័នគំរូប្រចាំក្រសួងបរិស្ថានមិនត្រឹមតែជួយបង្កើនសមត្ថភាពដល់មន្រ្តីប្រចាំតាមអង្គភាពទេ ប៉ុន្តែវាក៏ជាផ្នែកមួយសំខាន់ដែលជួយឱ្យកិច្ចការងាររីកចម្រើនដែលបម្រើដល់ប្រទេសជាតិថែមទៀត។

          ការមានប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ បែបនេះធ្វើឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងការប្រកាសជ័យលាភីនៃអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នាទីស្តីការក្រសួងបរិស្ថាន។

          មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា   ក្នុងការបង្កើនសមត្ថភាពមន្រ្តីនិងពិសេសការរៀបចំឱ្យមានការប្រឡងប្រណាំងតាមអង្គភាពបានធ្វើឱ្យកិច្ចការងារជាច្រើនបានមានសន្ទុះនិងផ្លែផ្កាគួរកត់សម្គាល់។ជាមួយគ្នាវាក៏ជាផ្នែកសំខាន់ក្នុងការជំរុញលើសមត្ថភាព និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរឡើង។

          ក្នុងពិធីនេះដែរឯកឧត្តមសាយសំអាល់បានជំរុញដល់មន្រ្តីតាមស្ថាប័ននីមួយៗត្រូវខិតខំបំពេញការងារនិងបម្រើដល់កិច្ចការងារសង្គម ប្រជាពលរដ្ឋនិងពិសេសជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

          បញ្ជាក់ក្នុងពិធីនេះដែរ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានឱ្យដឹងថាដើម្បីជំរុញការធ្វើទំនើបកម្មស្ថាប័នចំណុះក្រសួងបរិស្ថាន និងពង្រឹងការងារអធិការកិច្ច ក្រសួងបរិស្ថានបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្ថាប័នគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ ដោយលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រសួងបរិស្ថានទាំងអស់ចូលរួមក្នុងការប្រកួតប្រជែងជាជ័យលាភីអង្គភាពគំរូក្នុងវិស័យបរិស្ថានតាមរយៈការរៀបចំពង្រឹង និងកែសម្រួលលក្ខណៈវិនិច្ឆ័យគោលរបស់ខ្លួនរួមមាន៖ ១.គុណភាព ប្រសិទ្ធភាព និងទទួលសេវារដ្ឋបាល ២.ការងារជំនាញរបស់អង្គភាព ៣.ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែល្អបរិស្ថានក្នុងអង្គភាព ៦. ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និងដៃគូអភិវឌ្ឍ ៧.គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអង្គភាពមានដំណើរការកាន់តែប្រសើរ និងការប្តេជ្ញាចិត្តក្នុងការកែល្អបន្ត។

ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងដែរថា ក្នុងឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានរៀបចំជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថានទៅលើ៤ អនុវិស័យនិងមានបេក្ខភាពដែលត្រូវជ្រើសរើសដូចតទៅ ១.អង្គភាពគំរូក្នុងអនុវិស័យនាយកដ្នាន៖ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គាធិការដ្ឋាន នាយកដ្ឋានជីវចម្រុះ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(ស្ទួន) ២.អង្គភាពគំរូក្នុងអនុវិស័យមន្ទីរបរិស្ថានរាជធានី ខេត្ត៖ មន្ទីរបរិស្ថានខេត្តកំពង់ធំ មន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ទីរបរិស្ថានខេត្តកំពត ៣.អង្គភាពគំរូក្នុងអនុវិស័យតំបន់ការពារធម្មជាតិ៖ ដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ឧទ្យានជាតិកែបខេត្តកែប ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ឧទ្យានជាតិវីរៈជ័យខេត្តរតនគិរី និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តរមានជ័យ និង៤.អង្គភាពគំរូក្នុងអនុវិស័យសហគមន៍តំបន់ការពារធម្មជាតិ៖ សហគមន៍ត្មាតប៉ើយ-ធឿនក្រសាំងខេត្តព្រះវិហារ សហគមន៍អូរជាំខេត្តបាត់ដំបង សហគមន៍ទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ៍សាត់ សហគមន៍ព្រៃធំ អន្លង់ធំខេត្តសៀមរាប និងសហគមន៍ពាមក្រសោបខេត្តកោះកុង៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner