សកម្មភាពប្រតិបត្តិមេត្រីបរិស្ថានបានជំរុញឱ្យពលរដ្ឋកាន់តែយល់ដឹងនិងចូលរួមថែរក្សាបរិស្ថាន
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្នុងការប្រតិបត្តិមេត្រីបរិស្ថាន ហើយពិសេសដោយសារផ្សារភ្ជាប់នឹងសុខសន្តិភាព ស្ថេរភាពនយោបាយនិងស្របជាមួយកំណើនសេដ្ឋកិច្ចផងនោះយើងឃើញថា ធនធានមនុស្ស របស់កម្ពុជា ពិសេសស្រទាប់យុវជនគឺការយល់ដឹងពីបញ្ហាបរិស្ថានកាន់តែប្រសើរឡើង។នេះជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
មានប្រសាសន៍នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរដល់ប្រតិបត្តិករមេត្រីបរិស្ថាននារសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះ ឯកឧត្តមសាយសំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការកោតសរសើរនិងលើកទឹកចិត្តឱ្យសាធារណជនចូលរួមថែរក្សានិងការពារបរិស្ថានកម្ពុជា។
ព្រមជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីចាត់ទុកថាការចូលរួមថែរក្សាបរិស្ថានគឺដើម្បីកូនចៅជំនាន់ក្រោយក៏ដូចជាទុកកេរ្តិ៍តំណែលសម្រាប់ប្រទេសជាតិទៅថ្ងៃខាងមុខផងដែរ។
ឯកឧត្តមសាយសំអាល់បានបញ្ជាក់បន្ថែមថា នាកន្លងមកដោយសារការផ្សព្វផ្សាយនិងណែនាំដល់ស្រទាប់សាធារណជនបានកំពុងធ្វើឱ្យពលរដ្ឋជាច្រើនបានយល់ដឹងពីតម្លៃបរិស្ថាន ហើយពលរដ្ឋមួយចំនួន ថែមទាំងឈប់ប្រើប្រាស់បា្លស្ទិកដូចមុនបន្តទៀត។ដោយឡែកក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនកូកាកូឡាបានដាក់ធុងសំរាមតាមទីប្រជុំជនដោយបែងចែកធុងតាមប្រភេទសំរាមដែលធ្វើឱ្យពលរដ្ឋកាន់តែយល់ដឹងពីការទុកដាក់សំរាម។ជាមួយគ្នាក្រសួងបរិស្ថានក៏លើកទឹកចិត្តដល់ក្រុមហ៊ុនឬអង្គភាពដទៃទៀតចូលរួមក្នុងការអប់រំផ្សព្វផ្សាយពីបញ្ហាសំរាមនិងបរិស្ថាននេះបន្ថែមទៀត។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកម្មវិធី”លើកទឹកចិត្តមេត្រីបរិស្ថានឆ្នាំ២០២០”ដែលកម្មវិធីនេះបានជំរុញដល់សាធារណជននិងប្រជាពលរដ្ឋគ្រប់ស្រទាប់បានយល់ដឹងនិងពិសេសរួមគ្នាថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកផងដែរថានាកន្លងមកក្រសួងបរិស្ថានបានផ្ទេរភារកិច្ចដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងព្រមទាំងផ្តល់ជាថវិការផង ដែលប្រការនេះក្រសួងយល់ឃើញថាមានតែរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះដែលមានចំណែកសំខាន់ក្នុងការសម្អាតបរិស្ថានក៏ដូចជាកិច្ចការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ហើយតាមរយៈនៃការអនុវត្តយុទ្ធសាស្រ្តនេះឃើញថាទទួលបានជោគជ័យនិងមានការឆ្លើយតបសហការពីពលរដ្ឋស្ទើរគ្រប់ទីកន្លែង។
ដោយឡែក ឯកឧត្តម ជួប ប៉ារីសស៍ អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថានបានឱ្យដឹងដែរថា ចំពោះលទ្ធផលការប្រកួតប្រជែងនាកន្លងមកជាលទ្ធផល បណ្ណសរសើរចំនួន៣៤និងបណ្ណថ្លែង អំណរគុណចំនួន១៨ នឹងត្រូវប្រគល់ជូនប្រតិបត្តិករ ដែលបានប្រតិបត្តិមេត្រីបរិស្ថានបាន ល្អប្រសើរ ហើយបណ្ណសរសើរចំនួន៧៤ទៀត នឹងត្រូវប្រគល់ជូន ប្រតិបត្តិករឆ្នើមតាមខេត្ត។
ឯកឧត្តមថាក្រៅពីលទ្ធផលខាងលើ ក្នុងឆ្នាំ២០២០នេះ ក្រសួងក៏ធ្លាប់បានប្រគល់បណ្ណសរសើរ និងបណ្ណថ្លែងអំណរគុណមេត្រីបរិស្ថានចំនួន៥៩៨ បណ្ណ រួចមកហើយ ជូនដល់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីពាក់ព័ន្ធ ដែលបានអនុវត្តគម្រោងរេដបូក រហូតទទួល បានជោគជ័យក្នុងការលក់ឥណទានកាបូនជាដើម។
ឯកឧត្តមបញ្ជាក់បន្ថែមថាចំពោះកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ «លើកទឹកចិត្តមេត្រីភាព បរិស្ថានឆ្នាំ២០២០” នាពេលនេះ គឺជាសកម្មភាពមួយរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ដែលរៀបចំឡើងក្នុងគោលបំណងទី១គឺលើកទឹកចិត្តប្រតិបត្តិករទាំងរូប វន្តនិងនីតិបុគ្គល ដែលបានប្រតិបត្តិមេត្រីបរិស្ថានបានល្អ តាមរយៈការផ្តល់ប័ណ្ណសរសើរ និងទី២ផ្សព្វផ្សាយបន្តដល់សាធារណជនផ្សេងទៀត ឱ្យចាប់អារម្មណ៍ចូលរួមប្រតិបត្តិមេត្រី ភាពបរិស្ថាន ឱ្យកាន់តែច្រើនក្នុងពេលអនាគត។
ពាក់ព័ន្ធទៅនឹងបរិស្ថាននេះដែរ ឯកឧត្តមជួបបារីសស៍បានឱ្យដឹងបន្ថែមថា ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បរិស្ថាននិងព្រៃឈើ ជាពិសេសសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាយើង បាននិងកំពុងទាក់ទាញសាធារណជនទូទៅ ជា ពិសេស ក្រុមយុវជន និងប្រជាសហគមន៍ ឱ្យមកស្រឡាញ់បរិស្ថាននិងធម្មជាតិជាបណ្តើរៗ ដែលយើងអាចសម្គាល់បានតាមរយៈ ដំណើរកំសាន្តរបស់ប្រជាជនខ្មែរយើង តាមរមណីយ ដ្ឋានធម្មជាតិនានា ដូចជា ការបោះតង់ ការលេងទឹកធ្លាក់ ការទស្សនាភូមិសហគមន៍ ការ បរិភោគអាហារធម្មជាតិ ការមើលសត្វ ការដើរព្រៃ ការ ជិះម៉ូតូក្នុងព្រៃ ការឡើងភ្នំ ជាដើម។ នេះគឺជាសញ្ញាដ៏ល្អប្រសើរមួយ បង្ហាញនូវផ្នត់គំនិតថ្មីរបស់ប្រជាពលរដ្ឋយើង ដែលបាន ចាប់ផ្តើមស្រលាញ់ធម្មជាតិនិងប្រទេសរបស់ខ្លួន។ យើងសង្ឃឹមថា ធនធានធម្មជាតិដ៏មាន តម្លៃនេះ នឹងត្រូវទទួលបាននូវការចូលរួមថែរក្សាការពារ សម្រាប់ជាប្រយោជន៍ជាតិយើង ក្នុងពេលបច្ចុប្បន្ននិងអនាគត៕