ប្រធានអង្គការ WHO ជំរុញអោយមេដឹកនាំទាំងអស់ធ្វើសកម្មភាពរួមគ្នាជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19
ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម បានជំរុញឱ្យមេដឹកនាំទាំងអស់ធ្វើសកម្មភាពរួមគ្នាជាបន្ទាន់ សំដៅទប់ស្កាត់ការស្លាប់ ការដួលរលំប្រព័ន្ធសុខាភិបាល និងការបិទសាលារៀនជាថ្មីជាដើម នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។

ការអំពាវនាវខាងលើនេះរបស់លោក ថេដ្រូស បានកើតមានឡើងបន្ទាប់ពីប្រទេសកាន់តែច្រើនឡើង ជាពិសេសនៅអាស៊ីខាងត្បូង អឺរ៉ុប និងអាមេរិក បានរាយការណ៍អំពីការខ្វះខាតមន្ទីរពេទ្យ ចំពោះមុខការកើនឡើងនៃចំនួនអ្នកឆ្លងជម្ងឺ COVID-19 ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រម្សិលមិញ ប្រមុខអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្នពិភពលោកទាំងមូលកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់ នៃការឆ្លងរាតត្បាត COVID-19 ដោយប្រទេសខ្លះកំពុងស្ថិតនៅលើជំហានដ៏គ្រោះថ្នាក់ នោះគឺការដួលរលំប្រព័ន្ធសុខាភិបាល ៕

