ប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ ទឹកភ្លៀង ចំនួន៥៥១គ្រួសារ ក្នុងសង្កាត់វាលស្បូវ បានទទួលអំណោយសប្បុរសធ៌ម ពីសម្តេចប្រធានរដ្ឋសភា
ភ្នំពេញ : ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទឹកភ្លៀង ចំនួន៥៥១គ្រួសារ ក្នុងសង្កាត់វាលស្បូវ បានទទួលអំណោយសប្បុរធម៌ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវស្សា សៅ ទី ហេង សំរិន តាមរយៈលោកជំទាវ ឡោក ខេង សមាជិការរដ្ឋសភា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៤ ខែតុលានេះ នៅក្នុងបរិវេណ វត្តវាលស្បូវ ខណ្ឌច្បារអំពៅ ។
លោកស្រីយន់ សុផល ចៅសង្កាត់វាលស្បូវ បានអោយដឹងថា ក្នុងមួយរយៈកាលកន្លងមកនេះ មូលដ្ឋានសង្កាត់វាលស្បូវ មានប្រជាពលរដ្ឋ ចំនួន៥៥១គ្រួសារ បានទទួលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង បង្កអោយផ្ទះមួយចំនួនធំ រងនូវការលិចលង់ និងបង្ខំប្រជាពលរដ្ឋមួយចំនួន មករស់នៅតាមទីទួលសុវត្ថិភាព ។ កន្លងមកនេះដែរ លោកអភិបាលខណ្ឌ និងមន្រ្តីសង្កាត់ភូមិ តែងបានចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយមិនគិតយប់ថ្ងៃ និងដោះស្រាយជូនពួកគាត់ ជាស្បៀងអាហារ និងសម្ភារចាំបាច់មួយចំនួន បានទាន់ពេលវេលា ។
លោកជំទាវ ឡោក ខេង ក្នុងនាមសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវស្សា សៅទី ហេងសំរិន បានសំដែងក្តីអាណិតអាសូរ ចំពោះប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ។ លោកជំទាវបានបន្តថា នេះគឺជាគ្រោះធម្មជាតិ ដែលមិនអាចទប់ស្កាត់បានឡើយ ។ សូមបងប្អូនយើង មានការប្រុងប្រយ័ត្នអោយខ្ពស់ ជាពិសេស កូនចៅកុំបណ្តោយ អោយលេងទឹក ចៀសវាងការលង់ទឹក ជាយថាហេតុ ។ ជាមួយគ្នានេះសូមបងប្អូន ត្រូវមានអនាម័យ ទាំងខ្លួនប្រាណ និងសំអាតជុំវិញផ្ទះសំបែង បំបាត់ជំរកមូស និងកាកសំណល់សំរាមផ្សេងៗត្រូវច្រកចូលក្នុងថង់ ហើយចងអោយជិត ។
បន្ទាប់មកលោកជំទាវ ឡោក ខេង និងមន្ត្រីក្រុមការងារ បានចែកអំណោយ ដល់ប្រជាពលរដ្ឋ ទាំង៥៥១គ្រួសារ ដែលមានអង្ករ ទឹកសុទ្ធ មី ក្រមារ និងសម្ភារៈមួយចំនួនទៀត ៕ដោយប៊ុនធី