សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីផ្លូវជាតិលេខ១ ទៅកោះនរា និងពីកោះនរាទៅកោះពេជ្រ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ ។
យោងតាមលិខិតរបស់សាលារាជធានីភ្នំពេញដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកោះនរា ដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយ។
ក្នុងលិខិតបានបន្តថា តាមផែនការ ក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា។ នៅពេលសាងសង់រួច ស្ពាននេះនឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្សបានមួយកម្រិតធំ ហេតុនេះដើម្បីជួយសម្រួលដល់ការស្ថាបនាស្ពាននេះ ក្រុមហ៊ុន OCIC ស្នើសុំគោលការណ៍នាំចូលសម្ភារៈ និងគ្រឿងចក្រមួយចំនួន ដែលមានតម្លៃសរុប ៤០,៨៨លានដុល្លារ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ ហើយនឹងដឹកមកកាន់រាជធានីភ្នំពេញ តាមមាត់ច្រកអន្តរជាតិនានាក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC គ្រោងនឹងសាងសង់ទីក្រុងរណបថ្មីលើផ្ទៃដី ជាង១០០ហិកតា ស្ថិតនៅតាមដងទន្លេចាក់ចេញពីតំបន់កោះនរា ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះ នឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្ន ដោយមានការសាងសង់ស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើរកំសាន្ដនៅទីនោះផងដែរ។ ទីក្រុងរណបថ្មីនេះ នឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេ ចាប់ពីតំបន់កោះនរា អូសស្របតាមទន្លេតូចឆ្ពោះទៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នាពេលកន្លងមក ក្រុមហ៊ុនបានធ្វើការសិក្សាលើជម្រើសចំនួន ២ ទាក់ទងនឹងការសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកាន់កោះនរា ដោយទី១ ជាការសាងសង់ស្ពានឆ្លងកាត់ពីលើទឹកទន្លេ ដែលគ្រោងចំណាយថវិកាប្រហែល ៦០ លានដុល្លារ និងទី២ សង់ផ្លូវកាត់ក្រោមទន្លេ ដែលមានតម្លៃប្រមាណ ២០០ លានដុល្លារ៕