អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន លោក ឩកញ៉ា ថោង សារ៉ាត់ នាំយកអំណោយមនុស្សធម៌របស់ សម្តេចតេជោ ប្រគល់ជូនគ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន ៥០៥ គ្រួសារ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួមដំណើរដោយ លោកឧកញ៉ា ថោង សារ៉ាត់ អគ្គនាយកក្រុមហ៊ុន UK CONDO បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ៥០៥គ្រួសារ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

ជាកិច្ចចាប់ផ្តើម លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានឲ្យដឹងថា សង្កាត់បឹងទំពន់ទី១ បានទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន ៥០៥គ្រួសារ ទាំង១១ ភូមិ ។ ក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសរងគ្រោះដោយជំនន់ទឹកភ្លៀងក៏ដូចជាគ្រោះធម្មជាតិផ្សេងៗ ។

បន្ទាប់មក លោក អភិបាលខណ្ឌមានជ័យ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងចរន្តអគ្គិសនី សត្វអសិរពិស ជាពិសេសកូនក្មេងតូចៗ។ ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖
– អង្ករ ១បាវ = ១០គីឡូក្រាម
– ទឹកត្រី១យួរ = ៦ដប
– មី ១កេស តូច
– ទឹកសុទ្ធ ១កេស
– ថវិកា ៤០,០០០ ៛ (បួនម៉ឺនរៀល)៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner