ជើងក្រានបរិស្ថានខ្មែរ ឬចង្រ្កានជីវម៉ាស់
ចង្ក្រាន មកពីពាក្យជើងក្រាន ដែលមានន័យថា ប្រដាប់សម្រាប់តម្កល់ចម្អិនអាហារ ប្រកល់ជើងក្រានដាំស្ល។បច្ចុប្បន្ន ដោយសារការវិវត្តនៃសង្គមបច្ចេកវិទ្យាពីរមួយថ្ងៃទៅមួយថ្ងៃ ធ្វើអោយប្រជាពលរដ្ឋ មានការប្រើប្រាស់នៅចង្ក្រានច្រើនម៉ូតច្រើនប្រភេទ ទៅតាមតម្រូវការក្នុងការដាំស្ល។ ជាមួយគ្នានេះ ដោយយើងមើលឃើញភាគច្រើន នៅតាមផ្ទះនិមួយៗ គឺច្រើនប្រើចង្ក្រានហ្គាស ចង្ក្រានអគ្គីសនី ចង្ក្រានឡូវផលិតពីដី ដោយដុតធ្យូង កំទេចអុស។
ជើងក្រានបរិស្ថានខ្មែរ ឬចង្រ្កានជីវម៉ាស់ គឺជាផលិតផលខ្មែរ និងជាប្រភេទចង្ក្រាន អាចសន្សំអុស ធ្យូង ឬថាមពលបានច្រើន, កាត់បន្ថយផ្សែងពុលបានច្រើន, អាចដំឡើង និងបន្ថយភ្លើងបាន, អាចប្រើបានយូរឆ្នាំ, ចំណេញពេលវេលា, ងាយស្រួលប្រើប្រាស់, ចូលរួមការពារបរិស្ថាន។
អ៊ុំប្រុស ញ៉ក់ យិនហ៊ាង ហៅញ៉ក់ សំ ជាអ្នកផលិតចង្រ្កាន បានអោយដឹងថា ដើម្បីបានក្លាយជាចង្ក្រានមួយៗ គឺពិតជាមិនងាយស្រួលទេ ត្រូវធ្វើការសិក្សាស្រាវជ្រាវទៅលើបច្ចេកទេស កំលាំងពលកម្មមនុស្ស ពុម្ពម៉ាស៊ីនសំរាប់កាត់កែច្នៃ វត្ថុធាតុដើមនៃចង្ក្រាន គិតអំពីបញ្ហាបរិស្ថានជុំវិញខ្លួន និងផលប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់។ អ៊ុំប្រុស ញ៉ក់ សំ ក៏បានរៀបរាប់ថា ការផលិតចង្ក្រានបរិស្ថាន ឬចង្ក្រានជីវម៉ាស់ ជាប្រភេទចង្ក្រានដែលផ្តស់ថាមពលកម្តៅខ្ពស់ ជួយកាត់បន្ថយការចំណាយថវិការ របស់អ្នកប្រើប្រាស់ក្នុងការចម្អិនអាហារ មានកំដៅក្តៅ ចំណាយពេលវេលាតិចក្នុងការដាំស្លរ មិនតែប៉ុណ្ណោះថែមទាំងជួយថែរក្សាបាននៅបរិស្ថាន ដោយកាត់បន្ថយបាននៅឧស្ម័នបំពុលបរិយាកាសទៀតផង។
លោក ជីម ប៉ូលីស នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនខេមរា អេកូ អេនើជី ក៏បានប្រាប់ពីគោលបំណងនៃការបង្កើតចង្ក្រានបរិស្ថានខ្មែរ ឬចង្ក្រានជីវម៉ាស់នេះថា ចង្ក្រាននេះគឺមិនរើសវត្ថុដែលយកមកដុតឡើយ មានដូចជា ត្រឡោកដូង កម្ទេចអុស ធ្យូង ស្នូលពោត កាកអំពៅ ឬសំបកអ្វីផ្សេងៗទៀតដែលស្ងួតអាចដុតបាន លើកលែងតែថង់ផ្លាស្ទិកមួយប៉ុណ្ណោះ។ ការប្រើចង្ក្រានបរិស្ថានខ្មែរនេះ អាចសន្សំអុស ធ្យូង ឬថាមពលបានច្រើន, កាត់បន្ថយផ្សែងពុលបានច្រើន, អាចតម្លើង និងបន្ថយភ្លើងបាន, អាចប្រើបានយូរឆ្នាំ, ចំណេញពេលវេលា, ងាយស្រួលប្រើប្រាស់, ចូលរួមការពារបរិស្ថាន។
ចង្ក្រានបរិស្ថាន ឬចង្ក្រានជីវម៉ាស់មានគុណប្រយោជន៍សំខាន់ ក្នុងការជួយកាត់បន្ថយផ្សែង ដែលជាប្រភព នៃការបង្កបាននូវជំងឺផ្សេងៗ ដែលយើងមើលមិនឃើញដូចជា ជំងឺរលាកសួត ជំងឺមហារីកសួត ជំងឺភ្នែកឡើងបាយ បណ្តាលមកផ្សែងដែលបំភាយចេញពីចង្ក្រាន។ លោកបន្តថា សម្រាប់ចង្ក្រានបរិស្ថានមួយនេះ បើសិនជាប្រៀបធៀបទៅនឹងចង្ក្រានផ្សេងៗ គឺមានគុណប្រយោជន៍ច្រើន ចំណាយនូវថវិកាតិចតួច មានកម្តៅចំហេះងំជាងចង្ក្រានឡូវ ដែលធ្វើពីដី និងមានកម្រិតទាបជាងចង្ក្រានហ្គាស ត្រង់ថាត្រូវចំណាយពេលបង្កាត់ភ្លើង ដោយប្រើពេលប្រហែល១០នាទី ប៉ុន្តែចំណុចដែលពិសេសនៃចង្ក្រានបរិស្ថាន គឺអាចបន្ថែមបន្ថយភ្លើងដូចចង្ក្រានហ្គាសដូច្នេះដែរនិងមិនមានបង្គគ្រោះថ្នាក់ដូចជាផ្ទុះ ឬឆេះដោយឧស្ម័នណាមួយឡើយ។
យ៉ាងណាក៏ដោយ បើទោះបីជាមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក៏ដោយ ក៏ម្ចាស់សិប្បកម្មរូបនេះថា នៅតែជួបបញ្ហាទីផ្សារនៅឡើយ។ តែដោយចិត្តស្រលាញ់ និងចង់អោយបរិស្ថានរបស់ប្រទេសកម្ពុជាយើងស្អាត មិនមានការបោះចោលសំរាមពាសវាលពាសកាលច្រើន លោកនឹងបន្តនូវការផ្សព្វផ្សាយតាមរយៈការតាំងពិព័រផលិតផលខ្មែរ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ មានគំនិតគិតរួម ធ្វើយ៉ាងណាចូលរួមសម្អាតសំរាមទាំងអស់ឲ្យបាន៕ អត្ថបទ៖ កញ្ញាខាន់ទិត្យ វីរីយ៉ា