ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ជំរុញឲ្យថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ កីឡាកាវិនីបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នាបង្កើនភាពស្និទ្ធ ដើម្បីត្រៀមការប្រកួត ជាលក្ខណៈអន្តរជាតិនានា នៅពេលខាងមុខ
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ២០២០ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅសាលមជ្ឈមណ្ឌលការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល៣ថ្ងៃ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានជំរុញដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ កីឡាកាវិនីបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នាបង្កើនភាពស្និទ្ធស្នាលស្វាហាប់ក្នុងការងារជំនាញកីឡាការ៉ាតេឲ្យកាន់តែខ្លាំងក្លា និង ឆន្ទៈមោះមុតបន្ថែមទៀត ដើម្បីឆ្ពោះទៅដណ្ដើមជោគជ័យ ក្នុងការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
បើតាមរបាយការណ៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេកម្ពុជា បានអោយដឹងថា ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះ មានកីឡាករ កីឡាការិនីចូលរួមមានការកើនឡើងច្រើនជាងឆ្នាំមុនៗ បើទោះបីយើងកំពុងស្ថិតក្នុងបរិបទជំងឺ COVid-19 និងជួបគ្រោះធម្មជាតិ ទឹកជំនន់ដោយទឹកភ្លៀងក៏ដោយ ។ សរុបប្រតិភូ កីឡាករ កីឡាការិនីចំនួន២៣៦នាក់មកពី២៣ក្លិប ដែលវិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន៣៦ មានវិញ្ញាសាគោលធំៗ ដូចជាផ្នែកកាតាឯកត្តជន កាតាក្រម ប្រយុទ្ធឯកត្តជន ប្រយុទ្ធក្រុម ។
ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធការ៉ាតេកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមរបស់កីឡាករ កីឡាការិនី មានការកើនឡើងច្រើនជាងឆ្នាំមុនៗ ដោយនេះឯកឧត្តមប្រធានសហព័ន្ធ បញ្ជាក់ថា នេះជាការរីកចម្រើន ឡើងវិញនៃវិស័យកីឡាការ៉ាតេកម្ពុជា ដើម្បីផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំសហព័ន្ធឲ្យខិតខំបម្រើប្អូនៗកីឡាករ កីឡាការិនី បន្តទៅទៀត។ វិស័យកីឡាការ៉ាតេពិតជាមានសារៈសំខាន់ ដោយមិនត្រឹមតែជួយលើកកម្ពស់សុខភាព, បង្កើនមិត្តភាព និងសាមគ្គីភាពរវាងអ្នកហាត់ការ៉ាតេប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំ ក្នុងការវាស់ស្ទង់កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការនីម្នាក់ៗ ហើយក៏បានផ្តល់ភាពងាយស្រួល ដល់គ្រូបង្វឹកអាចជ្រើសរើសបាន កីឡាករឆ្នើមៗ សម្រាប់ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិជាច្រើនជាបន្តបន្ទាប់ ដូចជាការត្រៀមចូលរួមរួមប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១, ការទទួលធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១, ការទទួលធ្វើម្ចាស់ផ្ទះមុនការប្រកួត (Pre-SEA Games) ឆ្នាំ២០២២ ដែលការប្រកួត អន្តរជាតិទាំងនេះ ដើម្បីគោលដៅដ៏ធំចម្បងរបស់ខ្លួន ឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕