មន្ត្រីសំខាន់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញពីការបារម្ភចំពោះសិក្ខាកាមដែលទទួលការបណ្ដុះបណ្ដាលថ្ងៃនេះ និងទទួលបាននូវចំណេះដឹងយកទៅអនុវត្តការងារមានប្រសិទ្ធភាពឬក៏អត់ប្រសិទ្ធភាព
ថ្លែងទៅកាន់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅក្នុងថ្ងៃបើកវគ្គព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួននៅពេលដែលរៀបចំ នូវវគ្គបណ្ដុះបណ្ដាលអ្វីមួយ ជូនទៅកាន់សិក្ខាកាមដែលជាមន្ត្រីរាជការ ហើយពួកគេជាសិក្ខាកាមទាំងនោះ បែរជាទទួលយកនូវចំណេះដឹងមិនបាន គឺពិតជាបានធ្វើឲ្យខាតបង់នូវពេលវេលា ថវិកានិងខណៈដែលពួកគេវិលត្រលប់ទៅកាន់អង្គភាពរបស់គេនិងនៅពេលដែលមន្ត្រីទាំងនេះ ពេលយកទៅអនុវត្តការងាររបស់ខ្លួនបែរជាអត់មានប្រសិទ្ធភាពដែលកើតឡើងដោសារតែមិនយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់ក្នុងពេលដែលខ្លួនទទួលបានពីការបណ្តុះបណ្តាល…។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលនិងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ(ចាប់ពីថ្ងៃទី២៦-២៧ខែតុលា)នេះ ឯកឧត្តម ពេជ្រ សម្បត្តិ បានថ្លែងគូសបញ្ជាក៎ទៀតថា ក្នុងវគ្គបណ្ដុះបណ្ដាលនានាកន្លងមកនេះ ក្រសួងតែងមានការព្រួយបារម្ភខ្លាំងណាស់ ខ្លាចពេលមករៀនសិក្ខាកាមអត់មានការយកចិត្តទុកដាក់? អត់បានចែករំលែកបទពិសោធន៍ទៅកាន់អ្នកធ្វើការជាមួយខ្លួន? ដែលបញ្ហានេះនិងធ្វើឲ្យក្រសួងខាតបង់ទាំងពេវេលា និងថវិកាជាតិយ៉ាងច្រើន ។
ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ ជាក់ស្ដែងនៅថ្ងនេះ តាមរយៈនៃវគ្គបណ្ដុះបណ្ដាលនេះ ដែលក្រសួងបានរៀបចំជាមួយនិងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះ គឺ៖វាទាមទារឲ្យសិក្ខាកាមក្នុងវគ្គទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវខិតខំត្រងត្រាប់ស្តាប់នូវវាគ្មិន ដែលជាគ្រូឧទ្ទេស ពោរពេញដោយទេពកោសល្យនិងចំណេះដឹងជំនាញ។ហើយវគ្គនេះពិតជាមានសារៈសំខាន់ផ្តល់នូវចំណេះដឹង និង ដើម្បីឲ្យគ្រប់អង្គភាពរដ្ឋចេះគ្រប់គ្រងថវិកា,ការទូទាត់ថវិកាឲ្យមានប្រសិទ្ធភាព ច្បាស់លាស់។ដូចនេះរាល់សិក្ខាកាមដែលមានចម្ងល់ ក៏ត្រូវហ៊ានសួរ ហ៊ានឆ្ងល់ផ្តោតជាសំណួរសួរទៅគ្រូគ្រូឧទ្ទេស ទៅវាគ្មិនដើម្បីឲ្យគេធ្វើការពន្យល់ឲ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីយកទៅបំពេញការងារក្នុងអង្គភាពរបស់ខ្លួននិងចៀសវាងពេលរៀនចប់ និង ពេលទៅអនុវត្តការងារ វាអត់មានប្រសិទ្ធភាពហើយរាល់អ្នកគ្រប់គ្រងនូវទ្រព្យហិរញ្ញវត្ថុនេះក៏ត្រូវតែខិតខំរៀនបន្ថែមនូវចំណេះដឹងថ្មីៗ ជាពិសេសត្រូវរៀនកុំព្យូទ័រឲ្យបានស្ទាត់ជំនាញបន្ថែមទៀត។
ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងដោយផ្តោតនូវការវាយតម្លៃថាការរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកនូវសមត្ថភាពក្នុងការលើកកម្ពស់អំពីការយល់ដឹងបន្ថែមទៀត ជូនដល់មន្ត្រីរាជការដែលបំពេញកិច្ចការនេះ ឲ្យចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពក្នុងការអនុវត្តប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមភាពតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមអភិបាលរង អ៊ុយ សុធាវី ក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា៖ វគ្គបណ្ដុះបណ្ដាលនេះគឺវាពិតជាមានសារៈសំខាន់ណាស់និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ រដ្ឋបាលរាជធានី-ខេត្ត និងផ្ដល់ឱកាសឲ្យសិក្ខាកាមគោលដៅ បានសិក្សាស្វែងយល់ដើម្បីពង្រឹងពង្រីកនូវសមត្ថភាព របស់ខ្លួន ដើម្បីរួមចំណែកអនុវត្តការងារ កែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣និងត្រៀមអនុវត្តនូវដំណាក់កាលទី៤ ឲ្យទទួលបានភាពជោគជ័យ និង ប្រកបដោយប្រសិទ្ធភាព និងចីរភាព… ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )