តុលាការបញ្ជូន «ស្អែកស្លាប់ ស្អែកស្លាប់» ទៅឃុំខ្លួនក្នុងពន្ធនាគារ

កណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ ឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។

គួររំលឹកថា នគរបាលស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។

ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ពាក់ព័ន្ធបទល្មើស «គំរាមកំហែង , បរិហាកេរ្តិ៍ជាសាធារណៈ , ជេរប្រមាថជាសាធារណៈ , ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «ស្អែកស្លាប់ ស្អែកស្លាប់» កាលពីថ្ងៃទី៥ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា២៣១ , មាត្រា៣០៥ , មាត្រា៣០៧ , មាត្រា៤៩៤ , មាត្រា៤៩៥ និង មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ។

សមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នេះ គឺ បន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ផែង វណ្ណៈ ។ ប៉ុន្តែ ក្រោយមក លោក ផែង វណ្ណៈ បានដកពាក្យបណ្តឹង វិញ បន្ទាប់ពី ឈ្មោះ ប៉ូ ចាន់នី បានសុំទោស និង ទទួលស្គាល់កំហុស ។ ទោះបីយ៉ាងណា បណ្តឹងអាជ្ញា មិនបានរលត់តាមរយៈការដកពាក្យបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ឡើយ ។

មាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា «មូលហេតុនៃការរលត់បណ្តឹងអាជ្ញា មានដូចតទៅ គឺ ៖
១-មរណភាពនៃជនល្មើស ។
២-ការផុតអាជ្ញាយុកាល ។
៣-ការលើកលែងទោសជាទូទៅ ។
៤-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ ។
៥-អាជ្ញាអស់ជំនុំ ។

កាលណាបណ្តឹងអាជ្ញាផុសរលត់ហើយ ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬ ត្រូវតែបញ្ឈប់ ។នេះចាត់ទុកជាសារមួយដល់អ្នកសារព័ត៌មាន មិនត្រូវប្រើសិទ្ធិហួសពីព្រំដែន រហូតដល់ការជេរប្រមាថបុគ្គល និង ជេរប្រមាថមន្ត្រីអាជ្ញាធរសាធារណៈនោះឡើយ ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner