៖ គម្រោងអភិវឌ្ឍន៍កោះនរាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សាធារណៈនិងសេដ្ឋកិច្ចជាតិ ដោយមានស្ពានឆ្លងកាត់ងាយស្រួល និងធ្វើឱ្យតម្លៃដីធ្លីកាន់តែហក់ឡើងខ្ពស់ ហើយរាជរដ្ឋាភិបាលនឹង ទទួលបានចំណូលពន្ធផងដែរពីការបង់ពន្ធប្រថាប់ត្រា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍស្ពានតំបន់កោះពេជ្រ កោះនរា គឺបានផ្តល់សារៈប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម តាមរយៈការទាញ យកផលចំណេញពីវិស័យអចលទ្រព្យ ។
ក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ១ខ្សែឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោង អភិវឌ្ឍន៍កោះនរា មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែតុលានេះ សម្តេចតេជោ បានបញ្ជាក់ថា ការបង្កើតឱ្យមានស្ពាននេះ ជាសមិទ្ធផលរបស់ជាតិ គឺបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណជា ២២៥លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង០,៩%នៃផលិតផលក្នុងស្រុកសរុបនាពេលបច្ចុប្បន្ន ។ សម្តេចតេជោបន្តថា ការអភិវឌ្ឍតំបន់នេះគឺបានធ្វើឱ្យសំណង់មានការកើនឡើង ហើយបានបង្កើននូវចំណូលពន្ធ និង ពន្ធអចលនទ្រព្យជារៀងរាល់ឆ្នាំ តាមរយៈការលក់និងដោះដូរផ្ទះ ដែលត្រូវការបង់ពន្ធប្រថាប់ត្រានិងពន្ធអចលនទ្រព្យ ។
សម្តេចបានបញ្ជាក់ថា«ចំពោះការខិតខំរបស់អាជ្ញាធររាជធានីភ្នំពេញដែលបានធ្វើការសម្របសម្រួលកិច្ចការទាំងអស់នេះដើម្បីឱ្យការដ្ឋាននេះបានបើកនិងដំណើរការ ។ ហើយនេះជាសមិទ្ធផលរបស់ជាតិ គឺដូចដែលឯកឧត្តម ពុង ឃាវសែ បានលើកឡើងក្នុង របាយការណ៍របស់គាត់ គឺគ្រាន់តែបង្កើតនូវកោះនរានេះ គឺបានរួមចំណែក ២២៥លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង០,៩% នៃផលិតផលសរុបពេលបច្ចុប្បន្ន ។ អ៊ីចឹងវាជាកំណើនផ្នែកសេដ្ឋកិច្ចរបស់យើងដែរ ហើយពេលនោះច្បាស់ណាស់ រដ្ឋយកពន្ធ បានរាល់ឆ្នាំ យកពន្ធទី១គឺថា នៅពេលដែលលក់ផ្ទះត្រូវបង់ពន្ធប្រថាប់ត្រា ប៉ុន្តែបន្ទាប់ពីនោះបង់ពន្ធលើអចលនទ្រព្យ ចុះបើនៅជាខ្ទមនរណាយក គេមិនឱ្យយកទេពីខ្ទមហ្នឹង តម្លៃក្រោម១០០លានរៀល យើងអត់ឱ្យមានផលប៉ះពាល់ទេ ប៉ុន្តែដូចអញ្ចេះៗត្រូវបង់ពន្ធ ។ អ៊ីចឹងនៅពេលដែលសំណង់កើនឡើង អាប្រាក់ពន្ធវាក៏កើនដែរ ត្រូវបង់ពន្ធ ហ្នឹងហើយដែល ហៅថាយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រទេសនោះ វាត្រូវមានអ៊ីចឹង។ ហើយរាជធានីភ្នំពេញបានធ្វើកិច្ចការដ៏ល្អ ដើម្បីបង្កើតឡើង នូវសមិទ្ធផល តាមរបៀបយក ស្លឹកត្នោត ខ្ចប់ស្ករត្នោត អភិវឌ្ឍន៍កោះពេជ្រយកលុយពីកោះពេជ្រ ត្រូវធ្វើស្ពានប៉ុន្មានកន្លែង ។ អភិវឌ្ឍន៍ខាងជ្រោយចង្វា យកថវិកាហ្នឹងទៅធ្វើសំណង់ប៉ុន្មានកន្លែងនោះ អភិវឌ្ឍន៍អានេះយើងធ្វើស្ពាននេះ ព្រោះជាសម្បតិ្ត សាធារណៈ ។ អ៊ីចឹងទេយើងខិតខំបន្តដំណើរនេះតទៅទៀត ប៉ុន្តែដំណើរនេះវាទាមទារឱ្យមានសន្តិភាព » ៕