ចិនថានឹងដាក់ទណ្ឌកម្មបណ្តាក្រុមហ៊ុនយក្សអាមេរិក ដែលលក់អាវុធឲ្យតៃវ៉ាន់
ចិនបានឲ្យដឹងនៅថ្ងៃទី២៦ តុលានេះថា ខ្លួននឹងដាក់ទណ្ឌកម្មក្រុមហ៊ុន Lockheed Martin និង ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ព្រមទាំងបណ្តាក្រុមហ៊ុនអាមេរិកផ្សេងៗទៀត ជាប់ពាក់ព័ន្ធនឹងការលក់អាវុធឲ្យកោះតៃវ៉ាន់។
ក្រុមហ៊ុនយក្សទាំងពីររបស់អាមេរិកនេះគឺបានពាក់ព័ន្ធនឹងការលក់មីស៊ីល តម្លៃជាង១ពាន់លានដុល្លារអាមេរិក ដល់តៃវ៉ាន់ ជាមួយនឹងក្រុមហ៊ុនមួយទៀតឈ្មោះថា Raytheon ។
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian បានជំរុញឲ្យអាមេរិកឈប់លក់អាវុធឲ្យតៃវ៉ាន់ជាបន្ទាន់។ យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញលម្អិតថា នឹងដាក់ទណ្ឌកម្មនៅពេលណា ឬ កម្រិតណាទេ។
សប្តាហ៍មុន ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនបានឯកភាពលក់មីស៊ីល បាញ់ពីអាកាសមកដី ចំនួន១៣៥គ្រឿង ហើយតៃវ៉ាន់ថាយកមកការពារប្រទេស។ ក្រៅពីនេះ ក៏បានឯកភាពលក់មីស៊ីលរ៉ុក្កែត M142 និងអាវុធផ្សេងៗទៀត តម្លៃសរុប១.៨ពាន់លានដុល្លារអាមេរិក៕ ប្រភពពី CNA