ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត
ព្រះវិហារ៖ កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា ត្រង់ចំណុចបង្គោលគីឡូលេខ១៨ ក្នុងភូមិសាស្រ្ត ភូមិតេជោស្ទឹងខៀវ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ដែលបង្កឡើងដោយរថយន្តម៉ាក lexus RX ៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះវិហារ 2A ២២.២៦ ក្នុងទិសដៅពីលិចទៅកើត បើកបរ«ក្នុងស្ថានភាពស្រវឹង » អ្នកបើកបរមានឈ្មោះ ឆេង វី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ស៊ុបហាង១៦៨ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែករថយន្តរងគ្រោះម៉ាក Mitsubishi triton ពណ៌ស ជារថយន្ត របស់វត្តជ័យរុក្ខារាម(ហៅវត្តថ្លាត) ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ប្រាក់ ឆាន់ ភេទប្រុស អាយុ ៦៨ឆ្នាំ ទីលំនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្នុងករណីគ្រោះថ្នាក់នេះបានបណ្ដាលឲ្យស្ត្រីមា្នក់ឈ្មោះ ធី ភេទស្រី រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរជាមួយ១០នាក់ទៀត រងរបួសធ្ងន់ ស្រាល ក្នុងនោះក៏មានព្រះសង្ឃ១អង្គផងដែរ ។
សូមបញ្ជាក់ផងដែរថា៖ ក្រោយពីទទួលបាននូវព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកំលាំង ជួយសង្រ្គោះ ជាមួយកម្លាំង សមត្ថកិច្ចនគរបាល ដោយធ្វើការដឹកបញ្ជូននាក់ជម្ងឺ ដែលរងរបួសធ្ងន់ និងស្រាលទៅកាន់មន្ទីរ ពេទ្យបានទាន់ពេលវេលា ។ ចំពោះជនបង្ក រួមនឹងវត្ថុតាង (រថយន្ត)សមត្ថកិច្ចនគរបាលជំនាញ បានដឹកនាំយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សួនលីណា