ជួយគ្នាក្នុងគ្រាលំបាក ពលរដ្ឋរងគ្រោះដោសារទឹកជំនន់៦៦៥គ្រួសារនៅស្រុកវ៉ារិនខេត្តសៀមរាប ទទួលអំណោយសង្គ្រោះពីក្រុមការងារគណៈបក្សចុះជួយស្រុក និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ
ឯកឧត្តម នាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចែកជូនប្រជាពលរដ្ឋចំនួន ៦៦៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកវ៉ារិន ខេត្តសៀមរាប។ ក្នុងឱកាសនោះ ក៏មានការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណៈចុះមូលដ្ឋានស្រុកវ៉ារិន ព្រមទាំង ឯកឧត្តម អភិបាលរងខេត្ត និង ឯកឧត្តមក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកវ៉ារិន អស់លោក លោកឧកញ៉ា និងសប្បរសជននានា ជាច្រើនផងដែរ។
អំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម នាំទៅចែកជូនប្រជាពលរដ្ឋទាំង ៦៦៥គ្រួសារ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប នោះ ដោយមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មីជាតិ១កេស, ទឹកត្រី១យួរ, ទឹកបរិសុទ្ធ១កេស និងទឹកស៊ីអ៊ីវ១យួរ ជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកវ៉ារិន ផងដែរ។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា៖ សម្ដេចទាំងទ្វេរតែងតែគិតគូរដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋជានិច្ច ពោលទីណាមានការលំបាក សម្តេចតែងតែមានមុខចុះដោះស្រាយនៅទីនោះ។ ជាក់ស្តែងប៉ុន្មានថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ចំនួន៤ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ ។
ឯ.ឧ បានអោយដឹងថា គ្រោះ ធម្មជាតិ គ្មានប្រទេសណា ឬនណារ អាច ទប់ស្កាត់ បានឡើយ ។ ក៏ប៉ុន្តែ អ្វី ដែលយើងអាចធ្វើ បាន នៅពេលនេះ គឺការជួយសង្គ្រោះ ប្រជាពលរដ្ឋ មិនអោយលិចលង់ ដោយប្រើប្រាស់នៅ មធ្យោបាយ សរុប កម្លាំង សរុប គ្រប់ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្ម។ឯ.ឧ គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទាំងអស់ ដែលលោកតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងគ្រាមានគ្រោះអាសន្ន។ដោយឡែកនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាបនៅពេលនេះមានការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ននានាជាច្រើនៅក្នុងស្រុកដូចជា៖ផ្លូវថ្នល់ , ស្ពាន , លិចលង់ផលដំណាំ , ផ្ទះសំបែង ជាំដើម ៕