រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ចំនួន២ ទាក់ទងពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ

អត្ថបទដោយ៖
AMS

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អន្គរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន រួមនិងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ៖១.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ២.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។តំណាងរាជរដ្ឋាភិបាល បានជម្រាបជូនរដ្ឋសភាថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណា គឺរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តដ៏មោះមុតក្នុងឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរវាងកម្ពុជា-វៀតណាម ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណីដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិស្ដីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ។តំណាងរាជរ្ឋាភិបាល បានគួសបញ្ជក់ជម្រាបជូនរដ្ឋសភាថា ពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាម គឺជាឯកសារបច្ចេកទេសផ្លូវច្បាប់ដែលបានកត់ត្រាទុកយ៉ាងលម្អិតខ្សែព្រំដែនគោករវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងអមដោយផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥ ០០០ ចំនួន ៩២ផ្ទាំង ដែលមានរំលេចបង្គោលព្រំដែននៅលើផែនទី និងមានកត់ត្រានិយាមការច្បាស់លាស់ ដើម្បីកត់សម្គាល់សមិទ្ធផល ៨៤% ដែលប្រទេសទាំងពីរសម្រេចបាន រួមនិងឧបសម្ព័ន្ធចំនួន ៤ទៀត ៖ ១.តារាងចុះលេខបង្គោលព្រំដែន។ ២.តារាងនិយាមកា និងរយៈកម្ពស់បង្គោលព្រំដែន។ ៣.តារាងរាយនាមកម្មសិទ្ធិដីកោះ នៅតាមខ្សែព្រំដែនផ្លូវទឹក និង៤.តារាងបញ្ជីកំណត់ព្រំដែនដែលពុំទាន់ធ្វើបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន។តំណាងរាជរដ្ឋាភិបាលបានបន្តថា ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្តប្រយោជន៍ពីសន្ធិសញ្ញានេះ មានដូចជា ជំនួយបច្ចេកទេសនិងការពង្រឹងសមត្ថភាពពីអង្គការសហប្រជាជាតិ (ទីភ្នាក់ងារថាមពលបរមាណូអន្គរជាតិ) ជំនួយផ្នែកហិរញ្ញវត្ថុ ជាអាទិ៍លើការសិក្សាស្រាវជ្រាវកម្មវិធីអាវុធនុយក្លេអ៊ែរបម្រើគោលបំណងសន្តិភាព ជំនួយជនរងគ្រោះ និងការស្ដារបរិស្ថានលើផលប៉ះពាល់បណ្ដាលមកពីអាវុធនុយក្លេអ៊ែរ កិច្ចសហប្រតិបត្តិការពីអង្គការសហប្រជាជាតិ និងសមាគមអន្តរជាតិក្នុងការហាមឃាត់នាំចូលនិងឆ្លងកាត់ ទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។តំណាងរាជរដ្ឋាភិបាលបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រលើសន្ធិសញ្ញាស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរដោយឈរលើមូលដ្ឋានចំនួន៣៖១.សិទ្ធសញ្ញានេះមានគោលបំណងមិនអនុញ្ញាតឲ្យប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរ និងផ្ដល់ជំនួយទ្រទ្រង់លើកទឹកចិត្តដល់បណ្ដាប្រទេសហត្ថលេខីនៃតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ២.យោងតាមមាត្រា៥៤នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ អាវុធវិទ្យុសកម្ម ដែលត្រូវបានប្រកាឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៩/០២៣ ចុះថ្ងៃទី3 ខែធ្នូ ឆ្នាំ២០០៩ ព្រះរាជាណាចក្រកម្ពុជាហាមដាច់ខាតចំពោះការផលិត ការដឹកជញ្ជូន ការប្រើប្រាស់ ការរក្សាទុកអាវុធគីមី អាវុធនុយក្លេអ៊ែរអាវុធ ជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម និងជាពិសេសការប្រកាន់ជំហរមិនពាក់ព័ន្ធនឹងការផលិតអាវុធនុយក្លេអ៊ែរ។៣.កម្ពុជាជារដ្ឋភាគីនៃសន្ធិសញ្ញាអន្តរជាតិមួយចំនួនដូចជា សន្ធិសញ្ញាស្ដីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។សន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាស្ដីពីការហា មឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរក្នុងទ្រង់ទ្រាយធំ។បន្ទាប់ពីអង្គប្រជុំបានជជែកពិភាក្សាយ៉ាងល្អិតល្អន់ លើទម្រង់និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ រួចមកគណៈកម្មការជំនាញរដ្ឋសភាបានសម្តែងនូវការគាំទ្រនឹងបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាំងពីរ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីធ្វើការពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner