ព្រះរាជអំណោយជាគ្រឿងឧបភោគ បរិភោគ របស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ បានចែកជូនដល់ប្រជានុរាស្រ្ត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១ពាន់១៥៣គ្រួសារ នៅស្រុកពួក

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ទូទៅអម​ក្រសួងព្រះបរមរាជវាំង រួមជាមួយ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បាននាំយកព្រះ​រាជអំណោយរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល មកចែកជូនដល់ប្រជារាស្រ្តរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១ពាន់១៥៣គ្រួសារ មកពីឃុំយាង ចំនួន៥៨៨គ្រួសារ ឃុំ សសរស្តម្ភ ចំនួន ៥៦៥គ្រួសារ នៅក្នុងស្រុកពួក ខេត្តសៀមរាប  នៅចុង សប្តាហ៍ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែ តុលា ឆ្នាំ២០២០ ។ 

បន្ទាប់ពីលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ធ្វើសេចក្តីរាយការណ៍ ពីរងផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងក្នុងស្រុកពួករួចមក ឯកឧត្តម ពិន ប្រាកដ មានប្រសាសន៍លើកឡើងថា ខេត្តសៀមរាបនេះ បន្ទាប់​ពីមានភ្លៀងធ្លាក់ជាច្រើនមេ បានបង្កឲ្យមានជំនន់ទឹកភ្លៀង មានការប្រឈមមុខទៅ​នឹងការខ្វះ​ខាតស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នព្រះបរមរាជវាំង កាកបាទក្រហមកម្ពុជា និងស្ថាប័នដទៃទៀត ព្រមទាំងសប្បុរសជននានា បាន​ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងខេត្តសៀមរាប ។

ឯកឧត្តម គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជម្រាបជូនពីព្រះរាជ       បណ្តា ដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដោយសព្វថ្ងៃព្រះអង្គកំពុងគង់​សម្រាកពិនិត្យ​ព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រះអង្គមានព្រះរាជហឫទ័យនឹករឭក និងសាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏​ជ្រាលជ្រៅចំពោះកូនចៅ  ចៅទួតរបស់ព្រះអង្គ  ដែលទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តសៀមរាប ហើយកំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  ។  ហេតុនេះហើយទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានឲ្យរូបឯកឧត្តម នាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា មកចែកជូនដល់ប្រជានុរាស្ត្រទាំង ១ពាន់១៥៣គ្រួសារនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជានុរាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ។ 

ព្រះរាជអំណោយ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០គក្រ , ឃីត១កញ្ចប់   និងថវិកាចំនួន ៤០ម៉ឺនរៀល៕             ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner