ព្យុះទី១៨ម៉ូឡាវធ្វើដំណើរមកភាគកណ្តាលវៀតណាមនិងប៉ះពាល់កម្ពុជាផ្នែកខាងលើ
បណ្តាខេត្តភាគខាងលើនិងឥសាន្តកម្ពុជា នឹងរងការធ្លាក់ភ្លៀងច្រើនបន្ថែមទៀតរវាងពីថ្ងៃទី២៨ដល់២៩តុលា ដោយសារតែឥទ្ធិពលព្យុះទី១៨ឈ្មោះម៉ូឡាវ។ ព្យុះម៉ូឡាវ នៅថ្ងៃច័ន្ទបានស្ថិតក្នុងសមុទ្ទចិនខាងត្បូង មុននឹងធ្វើ ដំណើរសម្តៅមកខេត្តដាណាំងនិងភូយ៉េនរបស់វៀតណាមក្នុងរយៈពេល៤៨ម៉ោងទៅមុខទៀតនេះ។ ព្យុះនោះ នឹងមកដែនដីគោកវៀតណាមវេលាព្រឹកថ្ងៃពុធ និងក្លាយជាវិសម្ពាធនិងសម្ពាធទាបនៅថ្ងៃព្រហស្បតិ៍។ ប្រទេស វៀតណាមរវាងពីថ្ងៃទី៦តុលាដល់ថ្ងៃទី២៥ មានមនុស្សស្លាប់យ៉ាងហោច១៥០នាក់ហើយដោយសារគ្រោះធម្មជាតិនេះ។
នៅកម្ពុជានេះវិញការព្យាករណ៍បានបង្ហាញថារវាងពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩តុលាបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានរួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារនិងខេត្តឧត្តរមានជ័យអាចមានភ្លៀងធ្លាក់ច្រើន លាយឡំជាមួយនឹងខ្យល់ខ្លាំង។បណ្តាខេត្តនៅតំបន់វាលទំនាបរួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិននិងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន។
ក្រសួងធនធានទឹក បានដាស់តឿន អាជ្ញាធរដែនដី និងសាធារណជន ស្ថិតនៅតំបន់ខាងលើ សូមបង្កើនការយក ចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕