ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បញ្ជាក់ថា អត្តពលិកកីឡានគរបាលជាតិ គឺស្នូលក្នុងការដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ឯ ឧ ឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង បានបញ្ជាក់ថា អត្តពលិកកីឡានគរបាលជាតិ គឺស្នូលក្នុងការដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម ២០២៣ កាថ្លែងបែបនេះធ្វើឡើងក្នុងឪកាសជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ជ័យលាភីពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកកីឡាប្រយុទ្ធចំណុះ ឱ្យក្រសួងមហាផ្ទៃ ចំនួន០៣ប្រភេទ រួមមាន៖ ការ៉ាតេ តេក្វាន់ដូ W T និងយូដូ ។

ឯ ឧ ជា ប៊ុនហេង បានពាំនាំការសាក សួរសុខទុក្ខពីសំណាក់ សម្តេច ក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កីឡាករ កីឡាករិនី គ្រូបង្វឹក ដែលបានប្រឹងប្រែងប្រជែងមេដាយជូនក្រសួងមហាផ្ទៃកន្លងមក ។ ជាមួយគ្នានោះ ឯ ឧ ប្រធាន បានជម្រុញឲ្យកីឡាករ កីឡាការិនីទាំង៣ប្រភេទខាងលើ ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមប្រជែងកៅអីជម្រើសជាតិ ចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ខាងមុខនេះ ។

ឯ ឧ ជា ប៊ុនហេង បន្ថែមទៀតថា មិនមែនតែ៣ប្រភេទកីឡាខាងលើទេ សហព័ន្ធកីឡាជាតិដទៃទៀតដែលជាកីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃក៏ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាពអោយខ្លាំងក្លាផងដែរ ។ ក្នុងនោះឯ ឧ ក៏បានត្រៀមយុទ្ធសាស្រ្តថ្មីតាមរយៈបញ្ជូនកីឡាករ កីឡាការិនីទីហ្វឹកហាត់រយៈពេលយូរនៅក្រៅប្រទេស ដើម្បីក្លាយអត្តពលិកស្នូលរបស់ក្រសួងមហាផ្ទៃ ដណ្តើមមេដាយជូនអង្គភាព និងព្រះរាជាណាចក្រកម្ពុជា ពីព្រឹត្តការណ៍អន្តរជាតិនានា ជាពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា កាលពីព្រឹត្តការណ៍ប្រកួត The 18Th World Police Fire Game ២០១៩ នៅទីក្រុង Chengdu ប្រទេសចិន ជាលទ្ធផលកីឡានគរបាលជាតិកម្ពុជា ដណ្តើមបានមេដាយសរុប៤៦គ្រឿង មាស១៨ ប្រាក់១៧ និងសំរិទ្ធ១១ រីឯព្រឹត្តការណ៍កីឡាជាតិ លើកទី២ ឆ្នាំ២០១៨ អង្គភាពកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយជាងគេ សរុប១៤៩គ្រឿង មាស៨៣ ប្រាក់៤៣ និងសំរិទ្ធ២៣គ្រឿង ក្នុងចំណោមកីឡាមកពី២៥ រាជធានី-ក្រុង និង៣អង្គភាពចូលរួម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner