ក្រុមហ៊ុនអេឡេណា ឧបត្ថម្ភជេលលាង២២៥ដប ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់កម្លាំងប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនអេឡេណា បានឧបត្ថម្ភជេលលាងដៃ ចំនួន២២៥ដប ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់កម្លាំងនគរបាលប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ ជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩។ គ្រាដែលនាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថានៅកម្ពុជាជម្ងឺឆ្លងកូវីដ១៩ នៅតែគម្រាមកំហែងប្រជាពលរដ្ឋកម្ពុជាជាប់ជានិច្ច និងបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតែបន្តប្រុងប្រយ័ត្ន ចូលរួមអនុវត្តន៍វិធានបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួនជាដដែល។ របាយការណ៍របស់នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងបានបង្ហាញឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្ពុជានៅថ្ងៃទីនេះពុំបានរកឃើញករណីឆ្លងកូវីដ១៩ថ្មីនោះទេ។

កម្ពុជាបច្ចុប្បន្នបានព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ ឱ្យជាសះស្បើយចំនួន១២៧នាក់ និងនៅមានអ្នកជំងឺ០២នាក់កំពុងសម្រាកព្យាលបាលនៅក្នុងមន្ទីរពេទ្យ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណប្រធានក្រុមហ៊ុនអេឡេណាកញ្ញារ៉ូស ដែលបានយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ចូលរួមការងារប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩ ។

នេះជាកាយវិកាដ៏ប្រពៃក្នុងការចូលរួមលើកទឹកចិត្តដល់កម្លាំងនគរបាលរាជធានីភ្នំពេញដែលបានបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សង្គមដោយធានាបានសុវត្ថិភាពល្អនៅក្នុងរាជធានីភ្នំពេញ។ ជុំវិញការងារបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនដល់ប្រធានក្រុមហ៊ុន អេឡេណា ឱ្យដឹងថា អនុវត្តតាមគោលការណ៍និងវិធានការណ៍នានារបស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែបានអនុវត្តន៍វិធានការបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ជាប្រចាំ។

ក្នុងនោះបានចាត់មន្រ្តីជំនាញនគរបាលការិយាល័យសុខាភិបាលចុះជាបន្តបន្ទាប់បាញ់ថ្នាំកំចាត់មេរោគ នៅតាមកន្លែងធ្វើការងាររបស់កម្លាំងនគរបាលគ្រប់អង្គភាព និងបានផ្សព្វផ្សាយបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩៕ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner