រដ្ឋសភាបើកសម័យប្រជុំថ្ងៃច័ន្ទក្រោយដើម្បីរកការអនុម័តសេចក្តីព្រាងច្បាប់សំខាន់នានា
សេចក្តីព្រាងច្បាប់ពាក់ព័ន្ធថវិកាជាតិឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ដទៃទៀត ក្នុងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមគ្រោងនឹងដាក់ពិភាក្សាដេញដោលអនុម័តក្នុងសម័យប្រជុំរដ្ឋសភា នៅដើមសប្តាហ៍ក្រោយនេះហើយ។គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៧តុលាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជជែកលើសេចក្តីព្រាងច្បាប់នានាទាំងនោះ និងបានប្រគល់ជូន គណៈកម្មការជំនាញ ពិនិត្យនិងសិក្សា រួចហើយធ្វើរបាយការណ៌ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ កិច្ចប្រជុំ នៅបានអនុម័តកំណត់យកថ្ងៃទី២វិច្ឆិកាឆ្នាំ ២០២០ដើម្បីបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦និងបានឯកភាពបញ្ចូលបន្ថែមក្នុងរបៀបវារៈ នូវសេចក្តីព្រាងច្បាប់ទាំងឡាយនោះដើម្បីធ្វើការពិភាក្សាដេញ ដោលនិងរកការអនុម័ត។
គម្រោងចំណាយថវិកាថ្នាក់ជាតិសម្រាប់ឆ្នាំ២០២១ ត្រូវគេកត់សម្គាល់ថា បានធ្លាក់ចុះប្រមាណ៣ទ្រីលានរៀល ក្នុងស្ថានការណ៍ដែលកម្ពុជារងវិបត្តិសេដ្ឋកិច្ចនៃជម្ងឺរាតត្បាតកូវីដ១៩និងគ្រោះមហន្តរាយទឹកជំនន់។ គម្រោងថវិកាចំណាយថ្នាក់ជាតិសម្រាប់ឆ្នាំ២០២១ មានទំហំជាង៣០ទ្រីលានរៀល ឬស្មើនឹង៧ពាន់ ៥០០ លាន ដុល្លារ ប្រៀបធៀបនឹងការអនុម័តរបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២០ ដែលមានចំនួន៣៣ ទ្រីលានរៀល ស្មើនឹង៨ ពាន់១៩៦លានដុល្លារ៕