សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ប្រលានយន្តហោះភ្នំពេញថ្មី បានឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់ឯ,ឧ នាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងឯ,ឧ លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិន។ ការសាងសង់ព្រលានយន្តហោះថ្មីនេះ អាចនឹងរួចរាល់នៅឆ្នាំ២០២៣។ ក្នុងទំហំទឹកប្រាក់វិនិយោគ ប្រមាណ ១ពាន់៥០០លានដុល្លារ។
ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 អាចចុះចតបាន។ អាចចាត់ទុកថាជាព្រលានយន្តហោះ ទំនើបជាងគេនៅតំបន់អាស៊ី។ គិតមកដល់ថ្ងៃនេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ សម្រេចបានប្រមាណ ៣០ភាគរយហើយ។ តាមការគ្រោងទុកវត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។
ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ជាមួយនឹងការថ្លែងអំណរគុណដល់ឯកឧត្តម ជា សុផារ៉ា ដែលជាប្រធានដឹកនាំការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកណ្ដាល ខេត្តតាកែវ និងរាជធានីភ្នំពេញ សម្ដេចតេជោបានបញ្ជាក់ថាកូវីដមិនអាចរារាំងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះយើងនេះបានទេ។ សម្ដេចបន្តថា ទោះបីគូវីតបានធ្វើឱ្យប្រទេសជាច្រើននៅលើពិភពលោក មានការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ប៉ុន្តែកម្ពុជានៅតែមានលទ្ធភាព ក្នុងការកសាងព្រលានយន្តហោះនេះ ស្របពេលដែលព្រលានយន្តហោះពីទៀតកំពុងដំណើរការសាងសង់ផងដែរនោះ គឺព្រលានយន្តហោះសៀមរាប និងព្រលានយន្តហោះកងកេងខេត្តកោះកុង។
សម្ដេចថាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះអាចផ្ដល់ឱកាសការងារដល់កម្មករប្រមាណ ២ម៉ឺននាក់ហើយនេះគឺជាឱកាសដើម្បីដោះស្រាយការងារធ្វើសម្រាប់កម្មករដែលរកឱកាសប្រាក់ចំណូលផងដែរ ក្នុងដំណាក់កាលកូវីដមិនទាន់បញ្ចប់។ សម្ដេចថាការកសាងព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មីនេះយើងមានក្រុមហ៊ុនបរទេសជាច្រើនចូលរួមទាំងការដេញថ្លៃ និងការសាងសង់ដើម្បីធ្វើឲ្យព្រលាននេះក្លាយជាព្រលានយន្តហោះមួយដែលមានលក្ខណៈទំនើប ដែលអាចទទួលភ្ញៀវបានរហូតទៅដល់ ៣០ លាននាក់នៅឆ្នាំ ២០២៣ ខាងមុខ។
ពាក់ព័ន្ធជំងឺកូវិតនេះដែរ សម្ដេចថា គិតមកដល់ពេលនេះ នៅកម្ពុជាយើងមិនទាន់មានក្រុមហ៊ុនណាមួយប្រកាសក្ស័យធននៅឡើយទេ តែផ្ទុយទៅវិញក្រុមហ៊ុនជាច្រើនដែលបាន នឹងកំពុងដំណើរការដូចជាក្រុមហ៊ុន អូស៊ីអាយស៊ី ក្រុមហ៊ុនសំណង់ប៉េងហួតជីបម៉ុង និងក្រុមហ៊ុនជាច្រើនទៀតកំពុងតែមានសកម្មភាពជាធម្មតានៅក្នុងប្រទេសកម្ពុជាយើងថ្វីត្បិតតែការទិញលក់មានការថយន្ត ចុះបន្តិចមែន។
ឆ្លើយបកទៅអ្នករិះគន់ដែលថាកម្ពុជានឹងដួលរលំក្នុងរយៈពេល ៦ ខែទៀតឬឆ្នាំក្រោយដោយខ្វះថវិកា បើកបៀវត្សដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនោះ សម្ដេចតេជោបានបញ្ជាក់បកទៅវិញថារាជរដ្ឋាភិបាលកម្ពុជាមិនអាចដួលនោះទេ ព្រោះថាទុកឱ្យពួកវង្វេងទិសវាវង្វេងជារៀងរហូតទៅ។ សម្ដេចបញ្ជាក់ថាបៀវត្សក្នុងមួយខែយើងចំណាយប្រហែលជា ២០០ លានដុល្លារតែប៉ុណ្ណោះយើងគ្រាន់តែប្រើប្រាស់ថវិកាចំណាយចំណូលចរន្តវាគ្រប់គ្រាន់បាត់ទៅហើយ យើងមិនបាច់ប្រើប្រាស់ប្រាក់សន្សំរបស់យើងដែលបម្រុងទុកមានរហូតទៅដល់ ៣៥០០ លានដុល្លារនោះផងនេះ យើងមិនទាន់គិតទាំងប្រាក់សន្សំអន្តរជាតិនៅក្រៅប្រទេសផងទេ៕