អឺរ៉ុបនឹងឈប់យកពន្ធលើការនាំចូលត្រីធូណារបស់វៀតណាម នាខែសីហា
អត្ថបទដោយ៖
Kien Sereyvuth
សហគមអឺរ៉ុបនឹងឈប់យកពន្ធលើផលិតផលត្រីធូណា ទាំងស្រស់ និងក្លាសេរបស់ប្រទេសវៀតណាម នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមអាចនឹងចូលធរមាន នាខែសីហា ២០២០ខាងមុខនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២២ មិថុនានេះ។
ប្រភពថា ក្នុងមួយឆ្នាំៗ វៀតណាមបាននាំផលិតផលត្រីធូណាទៅអឺរ៉ុប១២០០០តោន ក្នុងនោះ ១១៥០០តោនគឺជាសាច់ត្រីដាក់ក្នុងកប៉ុង និង ៥០០តោនជាសាច់ត្រីស្រស់។
ម្យ៉ាងទៀត កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបង្កើតឱកាសកាន់តែធំសម្បើមសម្រាប់ឧស្សាហកម្មត្រីធូណារបស់វៀតណាម ក្នុងការចូលទៅកាន់ទីផ្សារថ្មី ជាពិសេស ប្រកួតប្រជែងកាន់តែខ្លាំងជាមួយបណ្តាប្រទេសផ្សេងៗ ដែលនាំត្រីធូណាទៅដែរ មានដូចជាថៃ និងចិនជាដើម៕